ព័ត៌មានអន្តរជាតិ

សភាអ៊ុយក្រែន អនុម័តគណៈរដ្ឋមន្ត្រីថ្មី

កៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា សភាអ៊ុយក្រែន បានអនុម័តការបង្កើត គណៈរដ្ឋមន្ត្រីថ្មីមួយ ។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីការលាលែង ពីតំណែងរបស់អតីតនាយករដ្ឋមន្ត្រីលោក Denys Shmyhal ដែលនាំឱ្យរដ្ឋាភិបាលទាំងមូលត្រូវបាន បណ្តេញចេញដោយស្វ័យប្រវត្តិ។

គណៈរដ្ឋមន្ត្រីថ្មីដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ទើបតែងតាំងថ្មីលោកស្រី Yulia Svyrydenko រួមមានសមាជិកមួយចំនួនដែលបន្ត កាន់តំណែងពីរដ្ឋាភិបាលមុន ។ ទាំងនេះរួមមានឧបនាយករដ្ឋមន្ត្រី សម្រាប់ការស្ដារឡើងវិញនៃអ៊ុយក្រែន លោក Oleksii Kuleba និងរដ្ឋមន្ត្រី ៧រូបផ្សេងទៀត។

លោក Shmyhal ត្រូវបានតែងតាំងជារដ្ឋមន្ត្រី ការពារជាតិ ខណៈដែលលោក Mykhailo Fedorov ដែលជាឧបនាយករដ្ឋមន្ត្រី មុនសម្រាប់ការច្នៃប្រឌិត ការអភិវឌ្ឍន៍ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីទីមួយ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រី Svyrydenko បានសរសេរនៅលើ Facebook កាលពីថ្ងៃព្រហស្បតិ៍ថា “រដ្ឋាភិបាលរបស់យើង កំពុងអនុវត្តវគ្គសិក្សាឆ្ពោះទៅរកភាពគ្រប់គ្រាន់ខ្លួនឯង ទាំងយោធា សេដ្ឋកិច្ច និងសង្គម។ គោលដៅចម្បងរបស់ខ្ញុំ គឺលទ្ធផលវិជ្ជមានពិតប្រាកដ ដែលប្រជាជន អ៊ុយក្រែនគ្រប់រូបត្រូវការ” ។

លោកស្រីបានចុះបញ្ជីការគាំទ្រ ប្រកបដោយគុណភាពខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធ ការពង្រីកការផលិត អាវុធក្នុងស្រុក និង ការបង្កើនសមត្ថភាពបច្ចេកវិទ្យា របស់កងទ័ពក្នុង ចំណោមអាទិភាពកំពូល របស់រដ្ឋាភិបាល សម្រាប់រយៈពេល ៦ខែដំបូង។ នៅព្រឹកថ្ងៃដដែល សភាបានបញ្ជាក់ពីការតែងតាំងលោកស្រី Svyrydenko ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រី ដែលស្នើឡើងដោយប្រធានាធិបតី វូឡូឌីមៀ ហ្សេឡិនស្គី ដោយមានសំឡេងគាំទ្រ ២៦២សំឡេង ។

គួរបញ្ជាក់ថា លោកស្រី Svyrydenko អាយុ ៣៩ ឆ្នាំបានបម្រើការ ជាឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីអភិវឌ្ឍន៍ សេដ្ឋកិច្ច និងពាណិជ្ជកម្មចាប់ពីខែវិច្ឆិកាឆ្នាំ ២០២១ ដល់ខែកក្កដា ឆ្នាំ ២០២៥

ប្រែសម្រួល ឈូក បូរ៉ា

To Top