តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានបង្ហាញពីចេតនា របស់លោកក្នុងការបន្តកាន់តំណែង ខណៈដែលគណបក្ស ប្រជាធិបតេយ្យសេរី របស់លោកត្រូវបានកំណត់ថានឹងនៅតែជាកម្លាំងដ៏ធំបំផុតនៅក្នុងសភា ទោះបីជាមានការធ្លាក់ចុះសក្តានុពល នៅក្នុងការបោះឆ្នោតសភាក៏ដោយ។
លោក Ishiba បានឲ្យដឹងនៅក្នុងកម្មវិធីទូរទស្សន៍មួយថា “យើងត្រូវតែដឹងច្បាស់អំពីទំនួលខុសត្រូវរបស់យើងជាគណបក្សធំជាងគេនៅក្នុងសភា។ ខ្ញុំចង់ដឹងច្បាស់អំពីការទទួលខុសត្រូវ ផ្ទាល់ខ្លួនរបស់ខ្ញុំដើម្បីដោះស្រាយបញ្ហាឱ្យបានត្រឹមត្រូវ” ដែលប្រទេសកំពុងប្រឈមមុខ។
នៅព្រឹកថ្ងៃដដែល ឥស្សរជនលេខ ២ នៅក្នុងគណបក្ស LDP បានឲ្យដឹងថា ភាពខ្វះចន្លោះផ្នែកនយោបាយគួរតែត្រូវបានជៀសវាង បន្ទាប់ពីក្រុមចម្រុះ ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុនហាក់ដូចជាកំពុងប្រឈមមុខ នឹងការបាត់បង់ដ៏ធំមួយនៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់។
ការកត់សម្គាល់របស់អគ្គលេខាធិការ LDP លោក Hiroshi Moriyama បានស្នើថា លោករំពឹងថា លោក Ishiba ដែលជាមេដឹកនាំគណបក្ស នឹងមិនចុះចេញពីតំណែង ក្នុងពេលឆាប់ៗនេះទេ ទោះបីជាកងកម្លាំងប្រឆាំងធំៗ បានច្រានចោលលទ្ធភាព នៃការបង្កើតសម្ព័ន្ធជាមួយប្លុក ដែលកំពុងកាន់អំណាចបច្ចុប្បន្នក៏ដោយ។
លោក Ishiba ដែលគ្រោងនឹងធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃចន្ទនេះ បានសន្យាថា នឹងខិតខំប្រឹងប្រែង ដើម្បីជំរុញកិច្ចចរចា ជាមួយសហរដ្ឋអាមេរិកជុំវិញការ ដំឡើងពន្ធខ្ពស់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយនិយាយថាលោកនឹងដាក់ “បេះដូង និងព្រលឹង” របស់លោកទៅក្នុងកិច្ចខិតខំប្រឹងប្រែង ខណៈដែលកាលបរិច្ឆេទកំណត់នៅថ្ងៃទី១ ខែសីហាសម្រាប់អ្វីដែលគេហៅថា ពន្ធគយបដិកា ដែលជិតមកដល់៕
ប្រែសម្រួល ឈូក បូរ៉ា
