ព័ត៌មានអន្តរជាតិ

វៀតណាម បិទអាកាសយានដ្ឋាន​ ចំនួន២ ដោយសារព្យុះ វិផា និងព្រមានអំពីទឹកជំនន់ នៅព្រលានយន្តហោះផងដែរ

VN Express

បរទេស៖ ដើម្បីឆ្លើយតបនឹងព្យុះទីហ្វុង វិផា ដែលជាលើកទី៣ ដែលបានបោកបក់មកសមុទ្រខាងកើតក្នុងឆ្នាំនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានសម្រេចផ្អាកការទទួល និងប្រតិបត្តិការយន្តហោះជាបណ្ដោះអាសន្ន នៅអាកាសយានដ្ឋានដែលស្ថិតនៅក្នុង តំបន់រងគ្រោះនៅថ្ងៃទី ២១ និង ២២ ខែកក្កដា ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ Van Don នៅខេត្ត Quang Ninh ភាគខាងជើង និងអាកាសយានដ្ឋានអន្តរជាតិ Cat Bi ក្នុងទីក្រុង Hai Phong នឹងបិទចាប់ពីម៉ោង ១១ យប់តទៅ នៅថ្ងៃទី២១ ខែកក្កដាដល់ថ្ងៃត្រង់ ថ្ងៃទី ២២ ខែកក្កដា។

CAAV បានស្នើសុំអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅទីក្រុងហាណូយ និងអាកាសយានដ្ឋាន Tho Xuan ក្នុងខេត្ត Thanh Hoa បន្តតាមដានព្រឹត្តិបត្រឧតុនិយម និងស្នើការកែសម្រួលសមស្រប ទៅនឹងកាលវិភាគប្រតិបត្តិការប្រសិនបើចាំបាច់។

ក្រុមហ៊ុនអាកាសចរណ៍ត្រូវបាន តម្រូវឱ្យជូនដំណឹងយ៉ាងសកម្មដល់អ្នកដំណើរអំពីការផ្លាស់ប្តូរនៃកាលវិភាគហោះហើរ ដូច្នេះអ្នកដំណើរអាចរៀបចំការ ធ្វើដំណើរសមស្រប។

អាជ្ញាធរអាកាសចរណ៍ស៊ីវិល វៀតណាម ក៏បានព្រមានដែរថា ភ្លៀងធ្លាក់ខ្លាំងដែលអូសបន្លាយដោយព្យុះនេះ អាចនឹងបង្កឱ្យមានទឹកជំនន់ នៅព្រលានយន្តហោះដែលរង ផលប៉ះពាល់ដោយផ្ទាល់៕
ប្រែសម្រួលៈ ណៃ តុលា

To Top