ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ យល់ព្រមផ្តល់ប្រព័ន្ធការពារដែនអាកាស Patriots ទៅអ៊ុយក្រែន ប៉ុន្តែ អ៊ីតាលី ហុងគ្រី និងបារាំង ដកខ្លួន

RT News

បរទេស៖ ក្រុមមន្ត្រីបានបញ្ជាក់កាលពីថ្ងៃចន្ទថា ប្រទេសអាល្លឺម៉ង់បានយល់ព្រមផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ដល់អ៊ុយក្រែន “ឱ្យបានលឿនតាម ដែលអាចធ្វើទៅបាន” ។ ផែនការនេះត្រូវបានគេរាយការណ៍ថា បានព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពី ប្រធានាធិបតី Donald Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តផ្គត់ផ្គង់ សព្វាវុធដល់អ៊ុយក្រែន ដរាបណាបណ្តាប្រទេសណាតូនៅអឺរ៉ុប ចំណាយលុយសម្រាប់សព្វាវុធទាំងនោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា អំឡុងពេលដែលសមាជិក មួយចំនួននៃប្លុកយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិកគឺអង្គការណាតូ បានយល់ព្រមទិញសព្វាវុធសម្រាប់ទីក្រុងគៀវ ក៏មានប្រទេសមួយចំនួនផ្សេងទៀត រួមទាំងប្រទេសអ៊ីតាលី ហុងគ្រី និងបារាំង បានជ្រើសរើសការដកខ្លួនចេញ ដោយលើកឡើងពីធនធានមានកម្រិត និងតម្រូវការសន្តិសុខ ក្នុងស្រុករបស់ប្រទេសរៀងៗខ្លួន។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បានបញ្ជាក់ថា ទីក្រុងប៊ែកឡាំងនឹងផ្តល់ប្រព័ន្ធ Patriot ចំនួន៥ ពីសារពើភ័ណ្ឌរបស់ខ្លួន ទោះបីជាមានសេចក្តីថ្លែងការណ៍ពីមុនថា ស្តុកដែលនៅសល់មានកម្រិតទាបខ្លាំង ដើម្បីគាំទ្រការផ្ទេរ បន្ថែមក៏ដោយ ។ លោកបាននិយាយថា សហរដ្ឋអាមេរិកបានយល់ព្រមផ្គត់ផ្គង់ ប្រទេសអាឡឺម៉ង់ នូវប្រព័ន្ធជំនួសដែលបញ្ជាទិញពីប្រទេសស្វីស ទោះបីជាការដឹកជញ្ជូនមិនត្រូវបានរំពឹងទុករហូតដល់ឆ្នាំ 2027-2028 ក៏ដោយ។

ទីក្រុងប៊ែកឡាំងបានបញ្ជូនជើងទម្របាញ់ចំនួន 3 ក្នុងចំណោមជើងជម្រប្រព័ន្ធការពារមីស៊ីល Patriot ចំនួន 12 របស់ខ្លួនទៅកាន់ប្រទេស អ៊ុយក្រែនរួចហើយ។ ពីរទៀតកំពុងដាក់នៅក្នុងប្រទេសប៉ូឡូញ ហើយផ្សេងទៀត ត្រូវបានប្រើសម្រាប់ប្រតិបត្តិការនិង ការហ្វឹកហ្វឺនរបស់ណាតូ។ យោងតាមលោក Pistorius អាល្លឺម៉ង់បច្ចុប្បន្ន មានប្រព័ន្ធការពារដែនអាកាស Patriot ត្រឹមតែប្រាំមួយគ្រឿងប៉ុណ្ណោះ។

ការប្ដេជ្ញាចិត្តរបស់អាល្លឺម៉ង់ ក្នុងការបង្កើនជំនួយយោធាដល់អ៊ុយក្រែន ត្រូវបានរងនូវការរិះគន់ផងដែរ។ ឥស្សរជនប្រឆាំង បានរិះគន់រដ្ឋាភិបាលអាល្លឺម៉ង់ ចំពោះការចំណាយរាប់ពាន់លានលើក្រុងកៀវ ខណៈដែលតម្រូវការក្នុងប្រទេសខ្លួនឯង នៅតែមិនទាន់ឆ្លើយតបឱ្យបានគ្រប់គ្រាន់៕
ប្រែសម្រួលៈ ណៃ តុលា

To Top