ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងនៅក្នុងទីក្រុងប៉េកាំងថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែគោរពផលប្រយោជន៍ស្នូល និងផលប្រយោជន៍ សំខាន់ៗ របស់គ្នាទៅវិញទៅមក ហើយជៀសវាងការធ្លាក់ចូល ទៅក្នុងការប្រឈមមុខដាក់គ្នា និងជម្លោះ។
លោកបានអំពាវនាវឱ្យភាគីទាំងពីរបង្កើតបណ្តាញបន្ថែមទៀតសម្រាប់ការប្រាស្រ័យទាក់ទង និងការពិគ្រោះយោបល់ មើលគ្នាទៅវិញទៅមកដោយ មានគោលបំណង អាកប្បកិរិយាសមហេតុផល និងជាក់ស្តែង និងជំរុញការយល់ឃើញ ជាយុទ្ធសាស្ត្រត្រឹមត្រូវ។
លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការកត់សម្គាល់នៅពេលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន (USCBC)។
លោកបានលើកឡើងថា មិនថាស្ថានភាពប្រែប្រួលយ៉ាងណានោះទេ ប្រទេសចិននៅតែរក្សាបាននូវស្ថិរភាព និងគោលនយោបាយរបស់ខ្លួន ចំពោះសហរដ្ឋអាមេរិក ហើយចិននឹងដោះស្រាយ និងជំរុញទំនាក់ទំនងរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ស្របតាមគោលការណ៍ចំនួនបី៖ ការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ប្រទេសចិន មានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដើម្បីជៀសវាងការវិនិច្ឆ័យខុស គ្រប់គ្រងភាពខុសគ្នា ស្វែងរកកិច្ចសហប្រតិបត្តិការ អនុវត្តការឯកភាពគ្នាដែលសម្រេចបានរវាងប្រមុខរដ្ឋទាំងពីររបស់ពួកគេ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព សុខភាពល្អ និងនិរន្តរភាពនៃទំនាក់ទំនងប្រទេសចិន-អាមេរិក ៕
ប្រែសម្រួល ឈូក បូរ៉ា
