ហ្គាហ្សា៖ ក្រុមហាម៉ាស់បានអះអាងថា ការបដិសេធរបស់ខ្លួនក្នុងការដកអាវុធ រហូតដល់ការបង្កើតរដ្ឋប៉ាឡេស្ទីន ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ របស់បេសកជនពិសេស របស់សហរដ្ឋអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា Steve Witkoff ។
ក្រុមហាម៉ាស់បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការតស៊ូ និងអាវុធរបស់ខ្លួននឹងមិនត្រូវបានបោះបង់ចោលឡើយ រហូតដល់សិទ្ធិជាតិពេញលេញរបស់យើង ត្រូវបានស្ដារឡើងវិញ ដែលសំខាន់បំផុតក្នុងចំណោមនោះ គឺការបង្កើត រដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអធិបតេយ្យភាពពេញលេញ”។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់លោក ជាមួយក្រុមគ្រួសារ នៃចំណាប់ខ្មាំងអ៊ីស្រាអែល នៅឯបាតុកម្មនៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ លោក Witkoff បានឲ្យដឹងថា “ក្រុមហាម៉ាស់ បានឲ្យដឹងថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីក្លាយជាគ្មានយោធា” ។
លោក Witkoff បានបន្ថែមថា “រដ្ឋាភិបាលអារ៉ាប់ជាច្រើនឥឡូវនេះ កំពុងទាមទារឱ្យក្រុមហាម៉ាស់គ្មានយោធា ដូច្នេះវាខិតកាន់តែជិត ទៅនឹងដំណោះស្រាយ ដើម្បីបញ្ចប់សង្រ្គាមនេះ”៕
ប្រែសម្រួល ឈូក បូរ៉ា
