ព័ត៌មានអន្តរជាតិ

លោក Trump ប្រកាសថា នាវាមុជទឹកនុយក្លេអ៊ែរ ២គ្រឿង របស់សហរដ្ឋអាមេរិក ស្ថិតនៅក្នុងទឹកដីរបស់រុស្ស៊ី

RT News

បរទេស៖ លោកប្រធានាធិបតី អាមេរិកលោក Trump បានប្រកាសថា នាវាមុជទឹកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក “ស្ថិតនៅក្នុងតំបន់រុស្ស៊ី” ប៉ុន្តែលោកមិន បានផ្តល់ព័ត៌មានជាក់លាក់នោះទេ ចំណែកមន្ត្រីរុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយ លើព័ត៌មាននេះទេ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃទី១ ខែសីហា លោក Trump បានប្រកាសថា លោកកំពុងដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរទៅកាន់តំបន់សមស្រប ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ “បង្កហេតុយ៉ាងខ្លាំង” របស់អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev ព្រមទាំង ដើម្បីការពារករណីដែលថា “សេចក្តីថ្លែងការណ៍រលាកទាំងនេះ មិនមែនគ្រាន់តែនិយាយ តែមាត់នោះទេ”។

ប្រធានាធិបតី​អាមេរិក​មិន​បាន​បញ្ជាក់​ថា​តើ​នាវាមុជទឹក​ទាំង​ពីរ​គ្រឿង ​បំពាក់​ដោយ​អាវុធ​នុយក្លេអ៊ែរ​ ឬ​លើកឡើងជាក់លាក់អំពី​«​ទីតាំង»​របស់នាវានោះទេ ។ នាវាមុជទឹកទាំងអស់នៅក្នុង កងនាវាអាមេរិកសព្វថ្ងៃ ប្រើប្រាស់ម៉ាស៊ីនដើរ ដោយថាមពលនុយក្លេអ៊ែរ ប៉ុន្តែមិនមែនទាំងអស់សុទ្ធតែត្រូវបានបំពាក់ដោយអាវុធ នុយក្លេអ៊ែរនោះទេ។

មន្ទីរបញ្ចកោណ មិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ ។ សកម្មភាព និងផ្លូវរបស់នាវាមុជទឹកនុយក្លេអ៊ែរ តែងតែត្រូវបានរក្សាការសម្ងាត់ដោយសហរដ្ឋអាមេរិក ព្រោះវាចាំបាច់ត្រូវតែលាក់កំបាំង តាមដែលអាចធ្វើទៅបាន ដើម្បីរក្សាការរារាំង និងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការវាយប្រហារ ទុកជាមុនប្រឆាំងនឹងសត្រូវ៕
ប្រែសម្រួលៈ ណៃ តុលា

To Top