បរទេស៖ ដោយសារកំណើន នៃលំហូរទំនិញទ្វេភាគីទៅ និងមកពីប្រទេសឡាវ, ប្រទេស រុស្ស៊ី មានបំណងពង្រីកការ ដឹកជញ្ជូនតាមសមុទ្រ តាមរយៈកំពង់ផែ របស់ប្រទេសវៀតណាម និងបើកការតភ្ជាប់ផ្លូវដែក ឆ្លងកាត់ប្រទេសចិន ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីដើមខែសីហា ឆ្នាំ២០២៥នេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសបែបនេះ កាលពីថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយលោក ថងលូន ស៊ីស៊ូលីត ប្រធានាធិបតីរបស់ឡាវ ។
នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មរវាងឡាវ និងរុស្ស៊ី បានកើនឡើង ៦៦ ភាគរយ និង ២០ ភាគរយទៀតសម្រាប់រយៈពេល ៥ ខែដំបូងឆ្នាំ ២០២៥នេះ។ ការបង្កើតផ្លូវដឹកជញ្ជូនថ្មីត្រូវបានគេរំពឹងថា នឹងសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ។
ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅ លើវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ឡាវបានបង្ហាញការចាប់អារម្មណ៍ជាពិសេសចំពោះការអនុវត្តបច្ចេកវិជ្ជា នុយក្លេអ៊ែរបន្ថែមលើវិស័យថាមពល ។ ខាងភាគីរុស្ស៊ី សហគ្រាសកំពុងធ្វើអាជីវកម្មរ៉ែដែក និងមិនមែនដែកយ៉ាងសកម្ម ក្នុងប្រទេសឡាវ ហើយកំពុងសិក្សា ពីលទ្ធភាពនៃការអភិវឌ្ឍន៍រ៉ែបុកស៊ីត ៕
ប្រែសម្រួលៈ ណៃ តុលា
