តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា អ៊ីរ៉ង់នឹងពិចារណាលើសំណើណាមួយ សម្រាប់ការដោះស្រាយបញ្ហានុយក្លេអ៊ែររបស់ខ្លួន ដែលមានសមត្ថភាពបញ្ចូល និងធានាការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ប្រទេសនៅលើទឹកដីរបស់ខ្លួន។
លោក Baghaei បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា “យើងតែងតែសង្កត់ធ្ងន់ថាបញ្ហានៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមិនអាចបំបែកបាននៃសិទ្ធិរបស់ប្រទេសក្នុងក្របខ័ណ្ឌនៃសន្ធិសញ្ញាមិនរីកសាយភាយមានសារសំខាន់ខ្លាំង។
លោកបានលើកឡើងថា កាលៈទេសៈសម្រាប់កិច្ចពិភាក្សាដែលមានសក្តានុពលណាមួយ រវាងអ៊ីរ៉ង់-អាមេរិក បានផ្លាស់ប្តូរយ៉ាងខ្លាំង ហើយថា ក្នុងចំណោមបញ្ហាសំខាន់ៗនៅក្នុងរបៀបវារៈគឺ “ធ្វើឱ្យសហរដ្ឋអាមេរិកទទួលខុសត្រូវ និងទាមទារសំណង សម្រាប់ការឈ្លានពានយោធាប្រឆាំងនឹងកន្លែងនុយក្លេអ៊ែរដោយសន្តិភាពរបស់អ៊ីរ៉ង់” ។
អ៊ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសសំខាន់ៗលើតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី១៣ ខែមិថុនា រួមទាំងទីតាំងនុយក្លេអ៊ែរ និងទីតាំងយោធា បន្ទាប់មកការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៣ កាលពីថ្ងៃទី២២ ខែមិថុនា។ បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ១២ថ្ងៃ បទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលត្រូវបានឈានដល់នៅថ្ងៃទី២៤ ខែមិថុនា៕
ប្រែសម្រួល ឈូក បូរ៉ា
