យូអិន៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បានព្រមានប្រឆាំងនឹងការពង្រីក ដែលអាចកើតមាននៃប្រតិបត្តិការយោធាអ៊ីស្រាអែលឆ្លងកាត់តំបន់ហ្គាហ្សាស្ទ្រីប។
ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអឺរ៉ុប អាស៊ីកណ្តាល និងអាមេរិក លោក Miroslav Jenca បានឲ្យដឹងថា របាយការណ៍ចុងក្រោយបំផុតទាក់ទងនឹងការសម្រេចចិត្ត ដែលអាចកើតមានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងការពង្រីកប្រតិបត្តិការយោធារបស់អ៊ីស្រាអែលតាមរយៈតំបន់ហ្គាហ្សា ទាំងមូល ប្រសិនបើជាការពិត គឺពិតជាគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។
លោក Jenca បានប្រាប់ក្រុមប្រឹក្សាសន្តិសុខនៅក្នុងសន្និសីទសង្ខេបមួយថា “វានឹងប្រថុយនឹងផលវិបាកដ៏មហន្តរាយ សម្រាប់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ចំណាប់ខ្មាំងអ៊ីស្រាអែល ដែលនៅសេសសល់នៅតំបន់ហ្គាហ្សា” ។
លោកបានសង្កត់ធ្ងន់ថា “ច្បាប់អន្តរជាតិមានភាពច្បាស់លាស់ក្នុងរឿងនេះ។ តំបន់ហ្គាហ្សាគឺជាផ្នែកមួយដ៏សំខាន់នៃរដ្ឋប៉ាឡេស្ទីននាពេលអនាគត” ។
លោកបានលើកឡើងថា ដូចដែលបានប្រកាសដោយតុលាការយុត្តិធម៌អន្តរជាតិ នៅក្នុងមតិយោបល់នៅខែកក្កដា ឆ្នាំ២០២៤ អ៊ីស្រាអែលស្ថិតនៅក្រោមកាតព្វកិច្ច ដើម្បីបញ្ឈប់រាល់សកម្មភាពតាំងទីលំនៅថ្មីភ្លាមៗ និងជម្លៀសអ្នកតាំងលំនៅទាំងអស់ចេញពីទឹកដីប៉ាឡេស្ទីន ដែលខ្លួនកាន់កាប់ ហើយដើម្បីបញ្ចប់វត្តមានខុសច្បាប់នៅទីនោះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
លោកបានបន្ដថា “ស្ថានភាពនៅតំបន់ហ្គាហ្សា គឺគួរឱ្យរន្ធត់ណាស់។ វាមិនអាចទ្រាំទ្របាននោះទេ” ដោយកត់សម្គាល់ថា ប្រជាជនប៉ាឡេស្ទីន ត្រូវបានទទួលរងនូវលក្ខខណ្ឌអមនុស្សធម៌ជាប្រចាំថ្ងៃ៕
ប្រែសម្រួល ឈូក បូរ៉ា
