ព័ត៌មានអន្តរជាតិ

ជនជាតិប៉ាឡេស្ទីន ៨៣នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារ របស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សា

xinvua

ហ្គាហ្សា៖  យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ៨៣នាក់ ត្រូវបានសម្លាប់ដោយការបាញ់ផ្លោង និងការវាយប្រហារដោយកាំភ្លើងរបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ។

លោក Mahmoud Basal អ្នកនាំពាក្យការពារជនស៊ីវិល បានប្រាប់កាសែតស៊ីនហួថា ក្នុងចំណោមអ្នកស្លាប់មាន ៥៨នាក់ កំពុងរង់ចាំជំនួយ នៅភាគខាងជើង កណ្តាល និងភាគខាងត្បូងហ្គាហ្សា។

លោក Basal បានបន្ថែមថា មន្ទីរពេទ្យហ្គាហ្សា បានទទួលមនុស្សរាប់សិបនាក់ ជាមួយនឹងស្ថានភាពសុខភាពខុសៗគ្នា ដែលជាលទ្ធផល នៃការវាយប្រហាររបស់អ៊ីស្រាអែល ។ រហូតមកដល់ពេលនេះ មិន​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ពី​កងទ័ព​អ៊ីស្រាអែល​ អំពី​ឧប្បត្តិហេតុ​ទាំង​នេះ។

ទន្ទឹមនឹងនេះ កងពលតូច Al-Qassam ដែលជាស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកំណត់គោលដៅទាហាន និងយានជំនិះអ៊ីស្រាអែលជាច្រើនគ្រឿង ភាគខាងជើងនៃទីក្រុងខាន់យូនីស ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ជាមួយនឹងគ្រាប់កាំភ្លើងត្បាល់ រួមជាមួយនឹងកងពលតូច Al-Quds និងកងពលតូច Nasser ។

យ៉ាងហោចណាស់មាន ជនជាតិប៉ាឡេស្ទីនចំនួន ៩.៥១៩នាក់បានស្លាប់ និង ៣៨.៦៣០នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីអ៊ីស្រាអែល បានបន្តការវាយប្រហារដ៏ខ្លាំងក្លារបស់ខ្លួននៅតំបន់ហ្គាហ្សានៅថ្ងៃទី ១៨ ខែមីនា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ដល់ ៦១.០២០ នាក់ និងរបួសដល់ ១៥០.៦៧១ នាក់៕
ប្រែសម្រួល ឈូក បូរ៉ា 

To Top