តេអេរ៉ង់៖ អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ លោក Mohammad-Reza Aref បានចោទប្រកាន់សហរដ្ឋអាមេរិកពីការគាំទ្រ “ការឈ្លានពាន” របស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បើទោះបីជាមិនមានភស្តុតាងណាមួយ ដែលថាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មិនមានសន្តិភាពក៏ដោយ។
ថ្លែងជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅខាងក្រៅសន្និសីទអង្គការសហប្រជាជាតិនៅទីក្រុង Turkmenistan លោក Aref បានឲ្យដឹងថា អ៊ីរ៉ង់គោរពតាមបទប្បញ្ញត្តិអន្តរជាតិ ហើយបានទទួលយកបទឈប់បាញ់នៅថ្ងៃទី២៤ ខែមិថុនា សម្រាប់ហេតុផលមនុស្សធម៌បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ១២ ថ្ងៃ។
លោកបានព្រមានថាការឈ្លានពានម្តងហើយម្តងទៀតអាចធ្វើឱ្យអាស៊ីខាងលិចអស្ថិរភាព និងបានរិះគន់ភាពអសកម្មរបស់អង្គការសហប្រជាជាតិ ដោយថា “សកម្មភាពសមស្របជាងនេះ” អាចនឹងរារាំងវិបត្តិបច្ចុប្បន្ននៅតំបន់ហ្គាហ្សា។
លោក Aref បានថ្កោលទោសស្ថានការណ៍នៅតំបន់ហ្គាហ្សាថា “ព្រៃផ្សៃ” ដោយជំរុញឱ្យអង្គការសហប្រជាជាតិ រារាំងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ជាការឆ្លើយតប លោក Guterres បានហៅការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ដោយខុសច្បាប់ បានសង្កត់ធ្ងន់លើការទូត ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់សិទ្ធិប៉ាឡេស្ទីន៕
ប្រែសម្រួល ឈូក បូរ៉ា
