បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បេសកជនកិច្ចការងារសេដ្ឋកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី ម្នាក់បាននិយាយថា លោកមានទំនុកចិត្តថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន អាចស្វែងរកចំណុចរួមគ្នាមួយតាមរយៈការទូត។
សុន្ទរកថារបស់លោកបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់វិមានក្រឹមឡាំងរបស់បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff ដែលផ្តោតលើជម្លោះអ៊ុយក្រែន។
នៅក្នុងការប្រកាសនៅលើ X កាលពីថ្ងៃពុធលោក Dmitriev ដែលជានាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បានថ្លែងអំណរគុណដល់គាំទ្រ (Followers)របស់គាត់ជាភាសាអង់គ្លេសនិងតាមរយៈការជូនពរដោយជោគជ័យរបស់ Steve Witkoff ទៅកាន់ទីក្រុងមូស្គូ ដោយបន្ថែមថាការសន្ទនារបស់រុស្សីនឹងទទួលបានជ័យជំនះ។
លោក Dmitriev ស្ថិតក្នុងចំណោមមន្ត្រីរុស្ស៊ី ដើម្បីស្វាគមន៍ Witkoff នៅអាកាសយានដ្ឋាន Vnukovo ហើយក្រោយមកត្រូវបានគេឃើញអ្នកទាំងពីរដើរកាត់សួន Zaryadye ក្បែរវិមានក្រឹមឡាំង។ ក្រោយមកនៅថ្ងៃដដែលលោក Witkoff បានជួបពិភាក្សាទល់មុខគ្នាជាមួយលោកPutin ទៀតផងនិងដែលមានរយៈពេលប្រហែលជា៣ម៉ោង។
ការធ្វើសេចក្តីអត្ថាធិប្បាយលើកិច្ចពិភាក្សា ជំនួយការវិមានក្រឹមឡាំងលោក Yury Ushakov បានកត់សម្គាល់ថា ភាគីទាំងពីរមានការសន្ទនាប្រកបដោយការស្ថាបនា និងប្រកបដោយផលិតភាព ដែលផ្តោតលើជម្លោះអ៊ុយក្រែន និង ទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអាមេរិក-រុស្ស៊ី៕
ប្រែសម្រួល៖ ស៊ុនលី
