បរទេស៖ យោងតាមការចេញផ្សាយរបស់ RTរដ្ឋាភិបាលរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថាទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា Ajit Doval បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Denis Manturov នៅទីក្រុងមូស្គូ។
គេសង្កេតឃើញនេះគឺជាជំនួបជាន់ខ្ពស់លើកទីបីរបស់លោក Doval ក្នុងរយៈពេលពីរថ្ងៃក្នុងរដ្ឋធានីរុស្ស៊ី។ កាលពីថ្ងៃព្រហស្បតិ៍ លោកបានជួបពិភាក្សាជាមួយលោក Sergey Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងបានជួបជាមួយលោកប្រធានាធិបតី Vladimir Putinផងដែរ។
លោកManturov ដែលជាសហប្រធាននៃសម័យប្រជុំចុងក្រោយនៃគណៈកម្មការអន្តររដ្ឋាភិបាលឥណ្ឌូ-រុស្ស៊ីនៅទីក្រុងបុមបៃក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ក៏ បានពិភាក្សាអំពីបញ្ហាជាច្រើនជាមួយ Doval កាលពីថ្ងៃសុក្រ។
ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហានៃកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធារវាងរុស្ស៊ី និងឥណ្ឌា ក៏ដូចជាការអនុវត្តគម្រោងរួមគ្នាក្នុងវិស័យយុទ្ធសាស្ត្រផ្សេងទៀត រួមទាំងយន្តហោះស៊ីវិល លោហធាតុ និងឧស្សាហកម្មគីមីជាដើម។
គួរឲ្យដឹងដែរថាដំណើរទស្សនកិច្ចរបស់លោក Doval ទៅកាន់ទីក្រុងមូស្គូស្របពេលនឹងការធ្លាក់ចុះយ៉ាងខ្លាំងក្នុងទំនាក់ទំនងឥណ្ឌា-អាមេរិក ដោយប្រធានាធិបតីអាមេរិក Donald Trump បានដាក់ពន្ធ បន្ថែមដល់ទៅ២៥ភាគរយទៅលើការនាំចូលរបស់ឥណ្ឌាលើការបន្តទិញប្រេងពីរុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី
