បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិន បានថ្កោលទោសផែនការរបស់អ៊ីស្រាអែល ក្នុងការរៀបចំផែនការយកតំបន់ហ្គាហ្សា ឱ្យស្ថិតនៅក្រោមការគ្រប់គ្រង ដោយយោធា ដោយហៅវាថាជា ផ្នែកសំខាន់នៃទឹកដីប៉ាឡេស្ទីន ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានជំរុញឲ្យអ៊ីស្រាអែល បញ្ឈប់សកម្មភាពដ៏គ្រោះថ្នាក់នេះ។លោក Lin បាននិយាយថា ទឹកដីហ្គាហ្សាGaza ជាកម្មសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ខណៈដែលអំពាវនាវឱ្យមានបទឈប់បាញ់ ជាបន្ទាន់មួយផងដែរ។
នៅព្រឹកថ្ងៃដដែល ការិយាល័យរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា គណៈរដ្ឋមន្ត្រីសន្តិសុខ របស់ប្រទេសបានអនុម័តផែនការរបស់គាត់ក្នុងការដណ្តើមយក ទីក្រុង Gaza ដែលជាចំណាត់ការ ដែលអាចនាំទៅដល់ការកាន់កាប់ពេញលេញ នៃតំបន់នោះតែម្តង។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃព្រហស្បតិ៍ លោក Netanyahu បានអះអាងថា ៖យើងមិនចង់បាន Gaza ជាស្ថាប័នគ្រប់គ្រងនោះទេ យើងចង់ប្រគល់វាទៅឱ្យកងកម្លាំងអារ៉ាប់ដែលនឹងគ្រប់គ្រងវាឱ្យបានត្រឹមត្រូវជាងនេះ។
គួរឲ្យដឹងដែរថាកាលពីចុងខែមុន បេសកជនពិសេសរបស់ចិនប្រចាំតំបន់មជ្ឈិមបូព៌ា លោក Zhai Jun បាននិយាយថា កិច្ចខិតខំប្រឹងប្រែងណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពរបស់ហ្គាហ្សា នឹង មិននាំមកនូវសន្តិភាពទេ ខណៈពេលដែលបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះដំណោះស្រាយរដ្ឋពីរ ៕
ប្រែសម្រួល៖ស៊ុនលី
