ព័ត៌មានអន្តរជាតិ

អឺរ៉ុប ថ្កោលទោស ការកាន់កាប់តំបន់ហ្គាហ្សា របស់អ៊ីស្រាអែល ដោយព្រមានពីវិបត្តិកាន់តែអាក្រក់

xinhua

ប៊ែរឡាំង៖ បណ្តាប្រទេសនៅអឺរ៉ុប និងអង្គការសហប្រជាជាតិ បានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះផែនការ ដែលបានប្រកាសថ្មី របស់អ៊ីស្រាអែល ក្នុងការកាន់កាប់ទីក្រុងហ្គាហ្សា ដោយព្រមានថា វានឹងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ និងធ្វើឱ្យខូចដល់ការរំពឹងទុក សម្រាប់សន្តិភាព។

គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តផែនការ ដែលស្នើឡើងដោយនាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ សម្រាប់យោធា ដើម្បីគ្រប់គ្រងទីក្រុងហ្គាហ្សា និងតំបន់ជុំវិញនោះ ។

មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា តំបន់ហ្គាហ្សា ត្រូវតែនៅតែជាផ្នែកសំខាន់មួយ នៃរដ្ឋប៉ាឡេស្ទីន។

សេចក្តីថ្លែងការណ៍ដែលចេញ ដោយលោកស្រី Stephanie Tremblay អ្នកនាំពាក្យរងរបស់ប្រមុខអង្គការសហប្រជាជាតិបានឲ្យដឹងថា ការសម្រេចចិត្តនេះបង្ហាញ ពីការកើនឡើងដ៏គ្រោះថ្នាក់ និងហានិភ័យដែលធ្វើឱ្យកាន់តែស៊ីជម្រៅនូវផលវិបាកដ៏មហន្តរាយ សម្រាប់ប្រជាជនប៉ាឡេស្ទីន រាប់លាននាក់ ហើយអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបន្ថែមទៀត រួមទាំងចំណាប់ខ្មាំង ដែលនៅសល់ផងដែរ។

ប្រធានក្រុមប្រឹក្សា អ៊ឺរ៉ុប លោក Antonio Costa បានអំពាវនាវដល់អ៊ីស្រាអែល កាលពីថ្ងៃសុក្រដើម្បីផ្លាស់ប្តូរការសម្រេចចិត្តនេះ ដោយព្រមាន នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាការផ្លាស់ប្តូរនេះនឹងមានផលវិបាក សម្រាប់ទំនាក់ទំនងអឺរ៉ុប  និងអ៊ីស្រាអែល ដែលក្រុមប្រឹក្សានឹងវាយតម្លៃ។

លោក​បាន​សង្កត់​ធ្ងន់​ថា ស្ថានការណ៍​នៅ​ហ្គាហ្សា​ នៅ​តែ​អាក្រក់ ហើយ​ការ​សម្រេច​នេះ​នឹង​ធ្វើ​ឲ្យ​វា​កាន់​តែ​អាក្រក់។  លោក Costa បានទទូចយ៉ាងខ្លាំងដល់រដ្ឋាភិបាល អ៊ីស្រាអែល ឱ្យពិចារណាឡើងវិញដោយបញ្ជាក់ថា ការកាន់កាប់នេះ រួមជាមួយនឹងការបន្តពង្រីក ការតាំងទីលំនៅនៅតំបន់ West Bank ការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សា ការបិទផ្លូវលើជំនួយ និងការរីករាលដាលនៃគ្រោះទុរ្ភិក្ស បានបំផ្លាញគោលការណ៍ជាមូលដ្ឋាន នៃច្បាប់អន្តរជាតិ និងតម្លៃសកល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top