ហ្សេរុយសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានជួបជជែកជាមួយអធិការ បតីអាល្លឺម៉ង់ លោក Friedrich Merz ដោយសម្តែងការខកចិត្ត របស់លោក ចំពោះការសម្រេចចិត្តរបស់អាល្លឺម៉ង់ ក្នុងការផ្អាកការនាំចេញសម្ភារៈយោធាទាំងអស់ ដែលអាចប្រើប្រាស់ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា “ជំនួសឱ្យការគាំទ្រដល់សង្រ្គាមយុត្តិធម៌ របស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ ដែលបានធ្វើការវាយប្រហារ ដ៏រន្ធត់បំផុតប្រឆាំងនឹងជនជាតិជ្វីហ្វ… ប្រទេសអាល្លឺម៉ង់ កំពុងផ្តល់រង្វាន់ដល់ក្រុមភេរវករហាម៉ាស់ ដោយការហាមឃាត់អាវុធដល់ អ៊ីស្រាអែល” នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល។
លោកបានកត់សម្គាល់ថា គោលដៅរបស់អ៊ីស្រាអែល គឺមិនមែនដើម្បីដណ្តើមកាន់កាប់តំបន់ហ្គាហ្សានោះទេ ប៉ុន្តែដើម្បីរំដោះតំបន់ហ្គាហ្សាពីក្រុមហាម៉ាស់ និងអនុញ្ញាតឱ្យរដ្ឋាភិបាលសន្តិភាពមួយត្រូវបានបង្កើតឡើងនៅទីនោះ។
ការសម្រេចចិត្តរបស់អាឡឺម៉ង់បានធ្វើឡើងបន្ទាប់ពី មានការយល់ព្រមពីគណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល ក្នុងប្រតិបត្តិការយោធា ដែលកំណត់គោលដៅកាន់កាប់តំបន់ ហ្គាហ្សាស្ទ្រីប ។ លោក Merz បានអំពាវនាវដល់រដ្ឋាភិបាលអ៊ីស្រាអែល ឱ្យជៀសវាងការផ្លាស់ទីបន្ថែមទៀត ឆ្ពោះទៅរកការបញ្ចូលតំបន់ West Bank ។
លោកក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា ដោយសង្កត់ធ្ងន់ថា យុទ្ធនាការយោធាបន្តរបស់អ៊ីស្រាអែល បង្កើនការទទួលខុសត្រូវលើវា ដើម្បីធានាសុខុមាលភាពរបស់ជនស៊ីវិលនៅក្នុងរង្វង់៕
ប្រែសម្រួល ឈូក បូរ៉ា
