បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បាតុករអ៊ីស្រាអែល រាប់ពាន់នាក់បានធ្វើបាតុកម្ម នៅតាមដងផ្លូវក្នុងក្រុង Tel Aviv ក្រុង Jerusalem និងទីក្រុងដទៃទៀត កាលពីយប់ថ្ងៃសៅរ៍ ដើម្បីប្រឆាំងនឹងផែនការ របស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការដណ្តើមយកក្រុង Gaza។
វាត្រូវបានគេមើលឃើញថា គឺជាការតវ៉ាដ៏ធំបំផុតមួយ ដែលមិនធ្លាប់ឃើញពីមុនមក ប្រឆាំងនឹងសង្គ្រាមនៅហ្គាហ្សា ដែលបង្កឡើងដោយការ វាយប្រហាររបស់ក្រុមសកម្ម ប្រយុទ្ធហាម៉ាសលើប្រទេស អ៊ីស្រាអែលក្នុងខែតុលា ឆ្នាំ ២០២៣។
ការប្រមូលផ្តុំគ្នាទាមទារឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ជាបន្ទាន់ បានទាក់ទាញបាតុករជាង១០០,០០០ នាក់ ហើយត្រូវបានរៀបចំឡើង ដោយក្រុមគ្រួសារនៃអ្នកចាប់ឃុំឃាំង ដែលក្រុមហាម៉ាសកំពុងឃុំខ្លួន ។ ពួកគេបារម្ភថា ការដណ្តើមកាន់កាប់ទីក្រុង Gaza អាចពង្រីកសង្រ្គាម ហើយបណ្តាល ឲ្យមានការស្លាប់ទាហាន និងចំណាប់ខ្មាំងបន្ថែមទៀត។
សាច់ញាតិរបស់អ្នកជាប់ឃុំឃាំង និងទាហានដែលបានពលីក៏ គ្រោងនឹងអំពាវនាវ ឱ្យក្រុមហ៊ុន ឯកជន អង្គការ សហជីព និងប្រជាពលរដ្ឋសាមញ្ញ ចូលរួមក្នុងបាតុកម្មនៅទូទៅ ទូទាំងប្រទេសផងដែរ ។
គួរឲ្យដឹងដែរថាគណៈរដ្ឋមន្ត្រីកិច្ចការងារ សន្តិសុខរបស់លោក Netanyahu បានអនុម័តផែនការ មួយដើម្បីអាច បញ្ចប់សង្គ្រាម ជាមួយក្រុមហាម៉ាស នៅហ្គាហ្សាកាលពីថ្ងៃសុក្រ ។ រដ្ឋាភិបាលបានសម្រេចចិត្តប្រឆាំងនឹងការព្រមានពីកងទ័ពថា ប្រតិបត្តិការបែបនេះ បានប្រថុយអាយុជីវិត ចំណាប់ខ្មាំងដែលនៅសេសសល់ បន្ថែមពីលើការបង្កជាមហន្តរាយមនុស្សធម៌៕
ប្រែសម្រួល៖ស៊ុនលី
