ប្រ៊ុចសែល៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានឲ្យដឹងថា កិច្ចព្រមព្រៀងណាមួយរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ត្រូវតែរួមបញ្ចូលអ៊ុយក្រែន និងសហភាពអឺរ៉ុប ខណៈដែលប្រទេសទាំងពីរ រៀបចំសម្រាប់កិច្ចពិភាក្សា ស្តីពីបទឈប់បាញ់ ដែលអាចកើតមាន នៃជម្លោះនៅអ៊ុយក្រែន ។
លោកស្រីបានលើកឡើងថា “កិច្ចព្រមព្រៀងណាមួយ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីត្រូវតែមានអ៊ុយក្រែន និង សហភាពអឺរ៉ុបរួមបញ្ចូល ព្រោះវាជាបញ្ហារបស់អ៊ុយក្រែន និងសន្តិសុខរបស់អឺរ៉ុបទាំងមូល” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោកស្រី Kallas បានបង្ហាញថា លោកស្រីនឹងកោះប្រជុំតាមអ៊ីនធឺណិត របស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពី “ជំហានបន្ទាប់របស់ប្លុក” ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និង ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី ១៥ ខែសីហានៅរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីបទឈប់បាញ់ ដែលអាចកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ដែលជាកិច្ចចរចាលើកដំបូង រវាងមេដឹកនាំទាំងពីរចាប់តាំងពីឆ្នាំ ២០២១ ៕
ប្រែសម្រួល ឈូក បូរ៉ា
