បរទេស៖ ក្រុមហ៊ុនផលិតរថយន្តពិភពលោកចំនួន១៤ បានទទួលរងការខាតជិត ១២ ពាន់លានដុល្លារចាប់តាំងពីការចាប់ផ្តើម ពន្ធពាណិជ្ជកម្មថ្មីរបស់ប្រធានាធិបតីអាមេរិក Donald Trump ហើយត្រូវបានគេរំពឹងថា នឹងបាត់បង់កាន់តែច្រើននៅចុងឆ្នាំនេះ, នេះបើតាមកាសែត Wall Street Journal។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានប្រកាសពន្ធថ្មីនៅក្នុងខែមេសា ដោយផ្តោតលើប្រទេស និងដែនដីចំនួន ១៨៥។ ពន្ធគយ 10% ជាសកលលើយានជំនិះ និងគ្រឿងបន្លាស់ដែលនាំចូលទាំងអស់ ចូលជាធរមាននៅថ្ងៃទី ៥ ខែមេសា ។
យោងតាមការវិភាគរបស់កាសែត Wall Street Journal ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Toyota បានខាតបង់ដ៏ធំបំផុត គឺប្រហែល ៣ ពាន់លានដុល្លារគិតតែក្នុងត្រីមាសទីពីរ ហើយរំពឹងថានឹងមានផលប៉ះពាល់ពន្ធសរុបចំនួន ៩,៥ ពាន់លានដុល្លារនៅចុងឆ្នាំសារពើពន្ធ ដែលបញ្ចប់ខែមីនា ឆ្នាំ២០២៦ ។
ក្រុមហ៊ុន Volkswagen ត្រូវបានគេរាយការណ៍ថា បានខាតបង់ចំនួន ១,៥ ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុន Ford និង General Motors បានរាយការណ៍ពីការខាតបង់លើសពី ១ ពាន់លានដុល្លារនៅក្នុងត្រីមាសទីពីរ។
ក្រុមហ៊ុន Tesla បានរងផលប៉ះពាល់តិចតួចបំផុត ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តធំៗ ដោយ Tesla មានការខាតបង់ប្រមាណ ៣០០ លានដុល្លារ។
Wall Street Journal ក៏ផ្សាយផងដែរថាក្រុមហ៊ុនផលិតរថយន្តធំជាងគេ ទាំងដប់នៅលើពិភពលោក ដោយមិនរាប់បញ្ចូលក្រុមហ៊ុនផលិតរបស់ចិន អាចនឹងឃើញប្រាក់ចំណេញសុទ្ធធ្លាក់ចុះ 25% នៅចុងឆ្នាំនេះ ៕
ប្រែសម្រួលៈ ណៃ តុលា
