អាល្លឺម៉ង់ ប្ដេជ្ញាចិត្ដបន្ដហាមឃាត់ ការនាំចេញអាវុធ ទៅកាន់អ៊ីស្រាអែល ទោះបីជាមានការរិះគន់ពីលោក ណេតាន់យ៉ាហ៊ូ

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានការពារការសម្រេចចិត្ត របស់លោក ក្នុងការបញ្ឈប់ការនាំចេញ អាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ដោយលើកឡើងថា ទង្វើនេះឆ្លុះបញ្ចាំងពីការមិនយល់ស្រប ជាមួយរដ្ឋាភិបាលអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ARD លោក Merz បានលើកឡើងថា ការសម្រេចចិត្តនេះបានធ្វើតាមការពិភាក្សាជាច្រើនសប្តាហ៍ ហើយត្រូវបានជំរុញ ដោយការផ្លាស់ប្តូររបស់គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល ក្នុងការបង្កើនជម្លោះយោធានៅតំបន់ហ្គាហ្សាស្ទ្រីប។
លោកបានសម្តែងការព្រួយបារម្ភអំពីផែនការជម្លៀសចេញពីទីក្រុង ហ្គាហ្សា ដោយសង្កត់ធ្ងន់ថា អាល្លឺម៉ង់មិនអាចផ្គត់ផ្គង់សព្វាវុធ នៅក្នុងជម្លោះដែលឥឡូវនេះ ត្រូវ បានដោះស្រាយដោយមធ្យោបាយយោធា តែមួយគត់ ដែលជាផ្លូវដែលអាចបណ្តាល ឱ្យជនស៊ីវិលរាប់សែននាក់ បាត់បង់ជីវិត។
អធិការបតីអាល្លឺម៉ង់រូបនេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សាច្រើនជាងម្តង។ កាលពីល្ងាចថ្ងៃសុក្រ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់លោក ពីការខកចិត្តរបស់លោក ចំពោះការសម្រេចចិត្តរបស់អាល្លឺម៉ង់ ក្នុងការផ្អាកការនាំចេញសម្ភារៈយោធា ទាំងអស់ទៅកាន់ប្រទេសអ៊ីស្រាអែល ដោយបានចោទប្រកាន់ទីក្រុងប៊ែរឡាំងពី “ការផ្តល់រង្វាន់ដល់ក្រុមភេរវករ ហាម៉ាសដោយការហាមឃាត់អាវុធ ដល់អ៊ីស្រាអែល” ។
គួរបញ្ជាក់ថា ខណៈដែលឈរដោយការហាមឃាត់ អាវុធបណ្តោះអាសន្ន អធិការបតីអាល្លឺម៉ង់បានគូសបញ្ជាក់ថា គោលនយោបាយអ៊ីស្រាអែល ជាមូលដ្ឋានរបស់អាល្លឺម៉ង់នៅតែមិនផ្លាស់ប្តូរ ដោយសង្កត់ធ្ងន់ថាអាល្លឺម៉ង់ “ឈរដោយគ្មានការសង្ស័យ” នៅក្បែរអ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា
