«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ៖ គោលការណ៍ សកល ផ្តើមពីការអភិវឌ្ឍ ប្រកបដោយចីរភាព របស់ចិន

«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលជាទស្សនៈប្រកបដោយគុណតម្លៃ មហាសាលរបស់លោក Xi Jinping ដោយបានផ្តើមកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៥ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោកទៅ កាន់ភូមិ Yucun សង្កាត់Anji ខេត្តZhejiang បានក្លាយ ជាគោលគំនិត ផ្តល់សារៈសំខាន់ ដល់ការអភិរក្សអេកូឡូស៊ី និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសចិនរយៈពេល២០ឆ្នាំកន្លងមកនេះ ។ ទស្សនៈនេះបាននិងកំពុង ជំរុញរបៀបអភិវឌ្ឍបៃតង និងរបៀបរស់នៅបៃតង ហើយធ្វើឲ្យមានតុល្យភាព រវាងកំណើនសេដ្ឋកិច្ច និងការការពារបរិស្ថាន អេកូឡូស៊ី ដោយបានគូសរំលេចយ៉ាងប្រត្យក្សថា ប្រជាជនចិនក្នុងរយៈពេល ២០ឆ្នាំនេះ បានការពារប្រព័ន្ធបរិស្ថាន អេកូឡូស៊ីប្រៀបដូចជាការការពារ នេត្រារបស់ខ្លួន ហើយចាត់ទុក«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់»ជាការថែររក្សាជីវិតរបស់ខ្លួនដូច្នោះដែរ។ តាមរយៈកំណើនGDPសម្រាប់ជន ជាតិចិនម្នាក់ៗ ក្នុងឆ្នាំ២០០៥មានចំនួន១៧០០ដុល្លារអាមេរិក បានកើនដល់១៣៧៧៨ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ (តាមការប៉ាន់ស្មាន) ជាសក្ខីភាព បញ្ជាក់ថា សេដ្ឋកិច្ច បៃតង របស់ប្រទេសចិនកំពុងផ្តល់សន្ទុះកាន់តែខ្លាំង ដល់ជីវភាពរស់នៅរបស់ប្រជាជនចិន ។ បន្ថែមពីលើនេះ អាយុមរណភាព គិតជាមធ្យម សម្រាប់ជនជាតិចិន បានកើនពីអាយុ៧៤ឆ្នាំ ក្នុងឆ្នាំ២០០៥ដល់អាយុ៨៣,១ឆ្នាំ ក្នុងឆ្នាំ២០២៥ ដែលជាការគូសរំលេច ពីវិបុលភាព នៃជីវភាពរស់នៅ របស់ប្រជាជនចិនក្រោមទម្រនៃអរិយធម៌អេកូឡូស៊ីដែលបានផ្តើមចេញដំណើរពីទស្សនៈ«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ហើយបាននាំប្រទេសចិន សម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព មុនកាលកំណត់នៃរបៀបវារៈរបស់អង្គការ សហប្រជាជាតិសម្រាប់ឆ្នាំ២០៣០។

«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលបានចេញដំណើររយៈពេល២០ឆ្នាំនេះ បានក្លាយជាម្តាយបង្កើតរបស់ «ទិវាជាតិ អេកូឡូស៊ី»របស់ប្រទេសចិន ចាប់ពីឆ្នាំ២០២៣មក ហើយបានចាក់បញ្ចូល នូវសមាសធាតុដ៏សំខាន់ដល់សេចក្តីសម្រេចនិងរាល់ផែនការ របស់គណៈកម្មាធិការមជ្ឈិមបក្សលើការអភិវឌ្ឍអរិយធម៌អេកូឡូស៊ី ហើយលើកទឹកចិត្តដល់ សកម្មភាពរបស់រដ្ឋាភិបាលចិនក្នុងកិច្ចខិតខំបង្កើនភាពកាន់តែប្រពៃ នៃបរិស្ថានរបស់ប្រទេសចិន ដើម្បីប្រែក្លាយប្រទេសចិន ដ៏ស្រស់ស្អាតនិងពោរពេញដោយសន្តិសុខអេកូឡូស៊ីទៅជាឧទ្យានបុប្ឆាសកល សម្រាប់គំរូភាពរបស់ពិភពលោក។ មនុស្សជាតិបានយល់ស្របគ្នាថា នេះគឺជាពេលវេលាដ៏សមស្របមួយ ដែលយើងត្រូវប្រកៀកស្មារគ្នា ជាប់ជានិច្ចជាមួយប្រទេសចិន ដែលជាជើងឯកការពារបរិស្ថានអេកូឡូស៊ី ហើយដកបទពិសោធន៍ពីប្រទេសចិន ដែលពោរពេញដោយលទ្ធភាព ក្នុងការសម្រេចបានលើភារកិច្ចដ៏មហិមានេះក្នុងការសង្គ្រោះបរិស្ថានពិភពលោក នាំយកមេឃពណ៌ខៀវជូនដល់មនុស្សជាតិវិញ។ ជាក់ស្តែង ប្រទេសចិនបានកែសម្រួលដីដើម្បីដាំព្រៃប្រមាណពី១៩៣លានហិកតាក្នុងឆ្នាំ២០០៥ ដល់២២០លានហិកតាក្នុង ឆ្នាំ២០២៥ ឬប្រមាណ២៥% នៃផ្ទៃដីសរុបរបស់ប្រទេសចិន ស្របពេលដែលប្រទេសចិន ក៏ជាជើងឯកដែលមានផ្ទៃដី តំបន់ដីសើមធំជាងគេបង្អស់ នៅ ក្នុងពិភពលោកផងដែរ ។ បន្ថែមពីលើនេះ ប្រទេសចិនបាននិងកំពុងកៀក ជាប់ជាមួយនូវផែនការ របស់ខ្លួនក្នុងការ សម្រេចបាននូវ “ការបំភាយឧស្ម័នកម្រិតខ្ពស់បំផុត មុនឆ្នាំ២០៣០” និង “អព្យាក្រឹតភាពកាបូនមុនឆ្នាំ២០៦០” ដែលជាផែនការ ប្រតិបត្តិប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនាំប្រទេសចិន កំពុងដើរតួនាទីជាប្រទេសគំរូមួយលើឆាកអន្តរជាតិ ក្នុងការកសាងពិភពលោក មួយឆ្ពោះទៅរកការអភិវឌ្ឍបៃតង ប្រកបដោ យភាពស្រស់បំព្រង បរិស្ថានល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។
«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលបានចេញដំណើររយៈពេល២០ឆ្នាំនេះបានជំរុញល្បឿន នៃនវានុវត្តបៃតងរបស់ប្រទេសចិន ដោយបង្កើនការផលិតនាំចេញរថយន្តអគ្គិសនី ការប្រើប្រាស់ថាមពលស្អាតបានមកពីពន្លឺព្រះអាទិត្យ កម្លាំងទឹក និង ថាមពលខ្យល់ ដោយបានចែករំលែក បទពិសោធន៍ដ៏មហាសាល របស់ប្រទេសចិនបន្ស៊ីរួមគ្នា ជាមួយការអភិវឌ្ឍរបស់បណ្តា ប្រទេសនានា ជាពិសេសបណ្តាប្រ ទេសសកលខាងត្បូង ឱ្យទទួលបាននូវវឌ្ឍនភាពរីកចម្រើន សេដ្ឋកិច្ចបៃតងរបស់ខ្លួនផងដែរ។ ដោយសារកំណើនលក់ រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BVDកាន់តែកើនឡើងជាលំដាប់ បានផ្តល់បច្ច័យទានជាបណ្តើរៗ ឱ្យប្រទេសកាន់តែច្រើនបានសម្រេចទាក់ទាញ ក្រុមហ៊ុនរថយន្តBVD ទៅសាងសង់រោងចក្រផលិត រថយន្តអគ្គិសនី ក្នុងប្រទេសរបស់ខ្លួន ជាក់សែ្តង រោងចក្រតម្លើងរថយន្ត BYD នៅកម្ពុជាបានចាប់ផ្តើមដំណើរការ សាងសង់ពីខែមេសា ឆ្នាំ២០២៥ នឹងបញ្ចប់ការសាងសង់នៅក្នុងខែតុលា ហើយចាប់ផ្តើមដំណើការផលិតកម្មតម្លើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ដែលនេះជាដំណើរការបទពិសោធន៍ របស់ប្រទេសចិន ក្នុងពន្លឿនការផ្លាស់ប្តូររបៀប នៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន ទៅកាន់ពិភពលោក ដើម្បីធ្វើឲ្យពិភពលោកមានភាពប្រសើរឡើងនៃប្រព័ន្ធបរិស្ថាន អេកូឡូស៊ី ការអភិវឌ្ឍទូលំទូលាយ ការប្រើប្រាស់ថាមពលស្អាត និងអព្យាក្រឹត្យភាពនៃការបំភាយឧស្ម័នដោយ ពឹងផ្អែកលើនវានុវត្តន៍ដើម្បីបន្តការអភិវឌ្ឍ ក្នុងការជំរុញនវានុវត្តតម្រង់ឆ្ពោះទៅរកអនាគត កាន់តែប្រពៃសម្រាប់វិបុលភាពរបស់មនុស្សជាតិ។
«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលបានចេញដំណើររយៈពេល២០ឆ្នាំនេះបានលើសពីប្រទេសចិនដើរឆ្ពោះទៅសម្រេចបាននូវកម្លាំងសាមគ្គីរួមគ្នារបស់មនុស្សជាតិស្របតាមគោលគំនិតនៃកិច្ចកសាងសហគមន៍ រួមជីវិតសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ ដោយទទួលស្គាល់ថា «ប្រទេសចិនស្អាត» ជាប្រភពដ៏សំខាន់នៃសេចក្តីប្រាថ្នា រួមរបស់មនុស្សជាតិ ដោយជំរុញកិច្ចកសាងសហគមន៍ ដែលមានជោគវាសនាផ្សារភ្ជាប់គ្នា ដោយចាត់ទុកថា ផែនដីជាផ្ទះរួមរបស់យើង និង ព្រមព្រៀងគ្នាទទួលយកទស្សនវិជ្ជាចិន របស់ទស្សន វិទូឡៅជឺកាលពី២៧០០ឆ្នាំមុនថា មនុស្សនិងធម្មជាតិគឺ ជាអង្គឯកភាពរួមគ្នាដែលតែង បំពេញឱ្យគ្នាទៅវិញទៅមក ដោយមនុស្សជាតិរួមគ្នាចាត់ទុកថាគុណភាពនៃបរិស្ថាន អេកូឡូស៊ីគឺជាគន្លឹះក្នុងការ កសាងសង្គមមួយ ដែលមានវឌ្ឍនភាព លើគ្រប់វិស័យ។ ក្នុងន័យនេះ «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការ ចាក់បន្ថែមនូវភាពធន់មាំទៅក្នុងកិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុដែលបានចេញដំណើរតាំងពីឆ្នាំ២០១៥មកឱ្យអនុវត្តសកម្មភាពរបស់ខ្លួនកាន់តែប្រសើរដោយមានប្រទេសចិនជាប្រតិបត្តិករ និងជាជើងឯកលើការការពារបរិស្ថានសកលនេះ ក្នុងពេលដែលប្រទេសចិនជាទីតាំងពោរពេញ ដោយសន្តិភាព ភាពពេញលេញនៃសន្តិសុខ ភាពរីកចម្រើននៃនវានុវត្តបច្ចេកវិទ្យា និងភាពខ្លាំងមាំនៃការអភិវឌ្ឍសេដ្ឋកិច្ច។
ជារួម «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលបានចេញដំណើររយៈពេល២០ឆ្នាំនេះបាននាំប្រទេសចិនស្អាតក្លាយជាគំរូភាពសកល ជាតំណាងរូបភាពបរិស្ថានពិភពលោក ជាបទពិសោធន៍ នៃជីវៈចម្រុះដែលបណ្តាប្រទេសនានាកំពុងសិក្សារៀនសូត្រ និងជាគុណតម្លៃរបស់មនុស្សជាតិ ដែលប្រទេសចិនដែលតែងបាន ខិតខំប្រឹងប្រែង ដើម្បីឈានទៅរកយុគសម័យថ្មី នៃអរិយធម៌អេកូឡូស៊ី សង្គមនិយមដោយបានចាក់បញ្ចូល ទៅក្នុងស្មារតីរបស់មនុស្សជាតិលើភាពដាច់ខាតនៃការការពារបរិស្ថាន និងពីការដណ្តើមយកជ័យជម្នះឱ្យខានតែបានលើសមរភូមិនៃការបំពុលបរិស្ថាន ព្រមទាំងបង្កើនការដាក់ទោសទណ្ឌ ចំពោះ ឧក្រិដ្ឋកម្មលើបរិស្ថាន។ តាមរយៈការអញ្ជើញមកទស្សនា ប្រទេសចិនដោយផ្ទាល់ នោះ ពិភពលោកនឹងយល់កាន់តែច្បាស់១០០% ពីការលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជាតិចិន ដែលនឹងក្លាយជាបទពិសោធន៍សកល សម្រាប់មនុស្សជាតិស្របតាមគោលការណ៍គ្រឹះ នៃកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិដោយផ្តើមពីការជ្រោងទង់ទស្សនៈ«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន
