ព័ត៌មានអន្តរជាតិ

ការពង្រីកប្រតិបត្តិការយោធា របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា អាចនឹងបង្កឱ្យមានគ្រោះ មហន្តរាយមួយផ្សេងទៀត

xinhua

អង្គការសហប្រជាជាតិ ៖ មន្ត្រីអង្គការសហប្រជាជាតិ មួយរូបបានព្រមានថា ការពង្រីកប្រតិបត្តិការយោធា របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា និង ការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការកាន់កាប់ទីក្រុងហ្គាហ្សា អាចបង្កឱ្យមានគ្រោះ មហន្តរាយមួយផ្សេងទៀត នៅក្នុងតំបន់ ហ្គាហ្សាទាំងមូល បើទោះបីជាតំបន់នេះ បានធ្លាក់ក្នុងគ្រោះមហន្ដរាយ មនុស្សធម៌រួចទៅហើយក្ដី។

លោក Miroslav Jenca ជំនួយការអគ្គលេខាធិការអង្គការ សហប្រជាជាតិទទួលបន្ទុកអឺរ៉ុប អាស៊ីកណ្តាល និងអាមេរិកបាន ឲ្យដឹងថា “យើងកំពុងឃើញ គ្រោះមហន្តរាយមនុស្សធម៌ រួចទៅហើយនៅក្នុងទំហំ ដែលមិនអាចនឹក ស្មានដល់ នៅក្នុងតំបន់ហ្គាហ្សា” ។ “ប្រសិនបើផែនការទាំងនេះ  ត្រូវបានអនុវត្ត នោះពួកគេទំនងជានឹងបង្ក ឱ្យមានគ្រោះមហន្តរាយមួយផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សា ដោយបានកើតមានឡើងពាសពេញតំបន់ និងបណ្តាលឱ្យមានការ ផ្លាស់ទីលំនៅដោយបង្ខំ ការសម្លាប់ និងការបំផ្លិចបំផ្លាញបន្ថែមទៀត ដែលធ្វើអោយប្រជាជន ទទួលរងការឈឺចាប់ ដែលមិនអាចទ្រាំទ្របាន”។

សម្រាប់ពេលនេះ មានព័ត៌មានលំអិតផ្លូវការមានកំណត់អំពីផែនការ យោធារបស់អ៊ីស្រាអែល។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល រដ្ឋាភិបាលអ៊ីស្រាអែល បានមើលឃើញទុកជាមុន អំពីការផ្លាស់ទីលំនៅ របស់ជនស៊ីវិលទាំងអស់ពីទីក្រុងហ្គាហ្សា ត្រឹមថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៥ ដែលប៉ះពាល់ដល់ មនុស្សប្រហែល ៨០ម៉ឺន នាក់ ដែលភាគច្រើននៃពួកគេពីមុនបានផ្លាស់ទីលំនៅរួចទៅហើយ។

របាយការណ៍បង្ហាញថា កងកម្លាំងការពារអ៊ីស្រាអែល នឹងឡោមព័ទ្ធទីក្រុងរយៈពេលបីខែ។ លោក Jenca បានប្រាប់កិច្ចប្រជុំមួយ របស់ក្រុមប្រឹក្សាសន្តិសុខថា មានសេចក្ដីរាយការណ៍ថា ផែនការនេះ នឹងបន្តដោយរយៈ ពេលពីរខែបន្ថែមទៀត ដើម្បីដណ្តើមគ្រប់គ្រង ជំរុំកណ្តាលរបស់តំបន់ហ្គាហ្សា និងបោសសំអាតតំបន់ ទាំងមូលនៃក្រុមប្រដាប់ អាវុធប៉ាឡេស្ទីន។

លោកបានលើកឡើងថា “អង្គការសហប្រជាជាតិ មានភាពច្បាស់លាស់ ដែលថា មធ្យោបាយតែមួយគត់ ដើម្បីបញ្ឈប់ការរងទុក្ខដ៏ធំធេង របស់មនុស្សនៅក្នុងតំបន់ហ្គាហ្សា គឺតាមរយៈបទឈប់បាញ់ពេញលេញ ភ្លាមៗ និងជាអចិន្ត្រៃយ៍”។

ចំណាប់ខ្មាំងទាំងអស់ត្រូវតែដោះលែងភ្លាមៗ និង ដោយគ្មានលក្ខខណ្ឌ។ អ៊ីស្រាអែលត្រូវតែគោរព តាមកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ដែលអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌យ៉ាងឆាប់រហ័ស សុវត្ថិភាព គ្មានការរារាំង និងទ្រង់ទ្រាយធំដល់ប្រជាជន ។ លោកបានបន្ដថា ជនស៊ីវិល រួមទាំងបុគ្គលិកមនុស្សធម៌ និងអ្នកដែលស្វែងរកជំនួយ ត្រូវតែត្រូវបានការពារ ។

លោកបានបន្ថែមថា មិនមានដំណោះស្រាយ យោធាចំពោះជម្លោះប្រដាប់អាវុធនៅហ្គាហ្សា ឬជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនកាន់ តែទូលំទូលាយនោះទេ វានឹងមិនមានដំណោះស្រាយប្រកបដោយនិរន្តរភាពឡើយ ប្រសិនបើគ្មានការ បញ្ចប់ចំពោះការកាន់កាប់ដោយខុសច្បាប់របស់អ៊ីស្រាអែល និងការសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ ដែលអាចសម្រេចបាន ហើយតំបន់ហ្គាហ្សា គឺជាផ្នែកមួយដ៏សំខាន់នៃរដ្ឋប៉ាឡេស្ទីន”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top