ចិន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះផែនការ របស់អ៊ីស្រាអែល ក្នុងការកាន់កាប់ទីក្រុងហ្គាហ្សា

ប៉េកាំង៖ បេសកជនចិន បានសម្តែង ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះផែនការរបស់អ៊ីស្រាអែល ក្នុងការកាន់កាប់ទីក្រុងហ្គាហ្សា ដោយ ថាការប៉ុនប៉ងណាមួយ ដើម្បីដណ្តើមយកផ្នែកខ្លះនៃទឹកដីប៉ាឡេស្ទីន ត្រូវតែមានការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ។
តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំនៅអង្គការ សហប្រជាជាតិលោក Fu Cong បានឲ្យដឹងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ កាលពីចុងសប្តាហ៍ដ៏កម្រមួយ ស្តីពីបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលធ្វើឡើងដោយក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ដោយជំរុញឱ្យអ៊ីស្រាអែល “បញ្ឈប់សកម្មភាពដ៏គ្រោះថ្នាក់នេះតែម្តង” ។
លោកបានសង្កត់ធ្ងន់ថា “ហ្គាហ្សា ជាកម្មសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន។ វាគឺជាផ្នែកសំខាន់មួយនៃទឹកដីប៉ាឡេស្ទីន។ រាល់សកម្មភាព ដែលព្យាយាមកែប្រែរចនាសម្ព័ន្ធប្រជាសាស្រ្ត និងទឹកដីរបស់ខ្លួន ត្រូវតែឆ្លើយតបដោយការបដិសេធ និងការតស៊ូជាទីបំផុត” ។
លោកលើកឡើងថា មធ្យោបាយយោធាមិនមែន ជាមធ្យោបាយដោះស្រាយជម្លោះ ដែលអូសបន្លាយយូរនោះទេ ហើយបទឈប់បាញ់ភ្លាមៗ គឺជាមធ្យោបាយត្រឹមត្រូវតែមួយគត់ ក្នុងការជួយសង្គ្រោះជីវិត និងធានាការដោះលែង ចំណាប់ខ្មាំង។
លោកបានអំពាវនាវ ឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ស្តាប់ការអំពាវនាវ របស់សហគមន៍អន្តរជាតិ និងប្រជាជនរបស់ខ្លួន បញ្ឈប់ជាបន្ទាន់នូវភាព តានតឹងកើនឡើង និងបញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា។
លោកបានបន្ថែមថា “ប្រទេសដែលមានឥទ្ធិពលយ៉ាងសំខាន់ លើភាគីនានាត្រូវតែប្រកាន់ជំហរត្រឹមត្រូវ និងការទទួលខុសត្រូវ ហើយចាត់វិធានការជាក់ស្តែង ដើម្បីជំរុញឱ្យមានបទឈប់បាញ់”៕
ប្រែសម្រួល ឈូក បូរ៉ា
