ព័ត៌មានអន្តរជាតិ

បុរសម្នាក់ បាញ់ប្រហារចំនួន១៨០គ្រាប់ ចូលមជ្ឈមណ្ឌល CDC នៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក

ABC News

បរទេស៖ បុរសដែលបានវាយប្រហារ ទីស្នាក់ការ កណ្តាល របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) នៅទីក្រុងអាត្លង់តា កាលពីថ្ងៃសុក្របានបាញ់ជាង ១៨០គ្រាប់ចូលទៅក្នុងបរិវេណមជ្ឈមណ្ឌល និងបានបំបែកបង្អួចប្រហែល ១៥០ ជាមួយនឹងគ្រាប់កាំភ្លើង ទម្លុះបង្អួចដែល “ធន់នឹងការផ្ទុះ” និងបំបែកកញ្ចក់ចូលទៅក្នុងបន្ទប់ជាច្រើន, នេះបើយោងតាម ព័ត៌មាន ដែលបានផ្សព្វផ្សាយផ្ទៃក្នុងរបស់ទីភ្នាក់ងារនេះ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា បុគ្គលិកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ បាននិយាយថា វាអាចចំណាយពេលច្រើនសប្តាហ៍ ឬរាប់ខែដើម្បីប្តូរបង្អួច និងសម្អាតការខូចខាតនេះ។

បុរសជនជាតិហ្សកហ្ស៊ីម្នាក់ដែលបានស្តីបន្ទោសវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលធ្វើឱ្យគាត់ធ្លាក់ទឹកចិត្ត និងចង់ធ្វើអត្តឃាតខ្លួនឯង បានបើកការបាញ់ប្រហារកាលពីល្ងាចថ្ងៃសុក្រ ដោយបានសម្លាប់មន្ត្រីប៉ូលីសម្នាក់។ គ្មាននរណាម្នាក់នៅ CDC រងរបួសទេ។

មន្ត្រីអនុវត្តច្បាប់បានប្រាប់ AP ថា អ្នកបាញ់ប្រហារ ត្រូវបានបញ្ឈប់ដោយសន្តិសុខ CDC មុនពេលឆ្ពោះទៅកាន់ ឱសថស្ថានក្បែរនោះ ។ មន្ត្រី​រូប​នេះ​បាន​និយាយ​ក្នុង ​លក្ខខណ្ឌ​អនាមិក និងមិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ពិភាក្សា​ជា​សាធារណៈ​លើ​ការ​ស៊ើបអង្កេត​នេះ​ទេ ។ បុរសអាយុ ៣០ ឆ្នាំឈ្មោះ Patrick Joseph White ក្រោយមកបានស្លាប់ ប៉ុន្តែអាជ្ញាធរមិនបានប្រាប់ថាគាត់ត្រូវបានប៉ូលីសសម្លាប់ ឬសម្លាប់ខ្លួនឯងនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top