យន្តហោះគ្មានមនុស្សបើក អ៊ុយក្រែនរាប់សិបគ្រឿង ត្រូវបានបាញ់ទម្លាក់នៅក្នុងប្រទេសរុស្ស៊ី

បរទេស៖ យោងតាមក្រសួងការពារជាតិបានឱ្យដឹងថា កងការពារដែនអាកាសរុស្ស៊ី បានទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនរាប់សិបគ្រឿង នៅយប់កាលពីថ្ងៃច័ន្ទ រួមទាំងគោលដៅជាច្រើន ដែលយន្តហោះគ្មានមនុស្សបើកទាំងនោះសំដៅលើទីក្រុងម៉ូស្គូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកសរុបចំនួន ៥៩ គ្រឿង ត្រូវបានបំផ្លាញនៅពេលយប់ និងពេលព្រឹកនៅតាមទីតាំងនានា ទូទាំងប្រទេស និងនៅលើសមុទ្រខ្មៅ, នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងរួមបញ្ចូលគ្នា ។

ប៉ុន្មានម៉ោងបន្ទាប់ពីការធ្វើបច្ចុប្បន្នភាព របស់ក្រសួងការពារជាតិរុស្ស៊ី, អភិបាលក្រុងម៉ូស្គូលោក Sergey Sobyanin បានរាយការណ៍ថា កងការពារដែនអាកាសបានបំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន ៧ គ្រឿងទៀតដែលកំពុងហោះហើរឆ្ពោះទៅកាន់រដ្ឋធានី។ នៅក្នុងការបង្ហោះ Telegram ជាបន្តបន្ទាប់លោក Sobyanin បាននិយាយថា យន្តហោះគ្មានមនុស្សបើក ត្រូវបានបាញ់ទម្លាក់នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែក ហើយបានកត់សម្គាល់ថា អ្នកឯកទេសសេវាសង្គ្រោះបន្ទាន់កំពុងធ្វើការនៅកន្លែងធ្លាក់នោះ។ លោកមិនបានរាយការណ៍ពីការរងរបួស ឬការខូចខាតណាមួយឡើយ។
យោងតាមសេចក្តីថ្លែងការណ៍ចំនួនបីរបស់ក្រសួង ដែលបានចេញផ្សាយពេញមួយយប់ និងដល់ថ្ងៃច័ន្ទ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានកំណត់គោលដៅក្នុងតំបន់ Belgorod តំបន់ Bryansk និង Kaluga តំបន់ Nizhny Novgorod តំបន់ Crimea តំបន់ Orlov តំបន់ Kursk តំបន់ Voronezh តំបន់ Ryazan ទីក្រុងមូស្គូ និងតំបន់ Tula ៕
ប្រែសម្រួលៈ ណៃ តុលា
