ព័ត៌មានអន្តរជាតិ

អឺរ៉ុបគ្មានកម្លាំង និងលទ្ធភាព អាចបន្តជួយគាំទ្រ អ៊ុយក្រែនទៀតទេ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត The Times បានសរសេរថា អឺរ៉ុបមិនមានលទ្ធភាពជួយអ៊ុយក្រែន ក្នុងមធ្យោបាយដ៏មានអត្ថន័យណាមួយឡើយ ទោះជានៅក្នុងការជំរុញឱ្យមានលក្ខខណ្ឌចរចាកាន់តែប្រសើរឡើង ឬការអនុវត្តបទឈប់បាញ់ នាពេលអនាគតក៏ដោយ ។

កាលពីចុងសប្តាហ៍កន្លងទៅ អនុប្រធានាធិបតីអាមេរិក J.D. Vance បានប្រាប់ Fox News ថា ជនជាតិអាមេរិក មានភាពធុញទ្រាន់ទៅលើការចំណាយប្រាក់ ពន្ធលើអ៊ុយក្រែន ហើយថាទីក្រុងវ៉ាស៊ីនតោន នឹងបញ្ចប់ការផ្តល់មូលនិធិនៅទីក្រុងគៀវ។

លោកក៏​បាន​ស្នើដែរ​ថា ប្រសិនបើ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ជម្លោះ​នេះ​ ពួកគេ​គួរតែ​ដើរតួនាទី​ផ្ទាល់​ជាង​នេះ​ទៀត ​ក្នុង​ការផ្ដល់​មូលនិធិ​ដល់​សង្គ្រាម​នេះ​ដោយ​ខ្លួនឯង​​។

កាសែត The Times បានកត់សម្គាល់ដែរថា ទោះបីជាមានការគាំទ្រផ្នែកការទូតមិនផ្លាស់ប្តូរ របស់ខ្លួនសម្រាប់អ៊ុយក្រែនក៏ដោយ ក៏អឺរ៉ុប នៅតែខ្វះកម្លាំងដើម្បីគាំទ្រទីក្រុង គៀវដដែល ក្នុងការចរចា ឬក្នុងការធានាលក្ខខណ្ឌនៃដំណោះស្រាយ ។
សារព័ត៌មានដដែលក៏បានរំលឹក ដែរអំពីសម្ព័ន្ធនៃឆន្ទៈ ដែលដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង ពីមុនមានគម្រោងបញ្ជូនក្រុមអឺរ៉ុបទៅអ៊ុយក្រែន ដើម្បីតាមដានបទឈប់បាញ់នាពេលអនាគត ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រកាសអំពីគោលដៅនៃកងទ័ពចំនួន៦៤,០០០នាក់ បើទោះបីជារុស្ស៊ីប្រឆាំងនឹងវត្តមានយោធា របស់លោកខាងលិចក៏ដោយ ដោយព្រមានថា វាអាចបង្កឱ្យមានសង្រ្គាមពិភពលោកជាមិនខាន ៕

ប្រែសម្រួល៖ស៊ុនលី

To Top