ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ត្រៀមខ្លួនទទួលយកកម្រិត ជាក់លាក់លើកម្មវិធី នុយក្លេអ៊ែរ ប្រសិនបើទណ្ឌកម្ម ត្រូវបានដកចេញ

xinhua

តេអេរ៉ង់៖ អ្នកការទូត ជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានថ្មីៗនេះថា អ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកការ កំណត់មួយចំនួន លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្ម ប៉ុន្តែចាត់ទុកថាវា “មិនអាចចរចាបាន” ដើម្បីបញ្ចប់ការចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូម របស់ខ្លួនទាំងស្រុងនោះឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អនុរដ្ឋមន្ត្រីការបរទេសទទួល បន្ទុកកិច្ចការនយោបាយ លោក Majid Takht-Ravanchi បានប្រាប់សារព័ត៌មាន Kyodo News របស់ជប៉ុនក្នុងបទសម្ភាសន៍កាលពីថ្ងៃសៅរ៍ថា “អ៊ីរ៉ង់ អាចបត់បែនបានលើសមត្ថភាព និងដែនកំណត់នៃការពង្រឹង ប៉ុន្តែមិនអាចយល់ព្រម ក្នុងការបញ្ឈប់ការចម្រាញ់បានក្នុងកាលៈទេសៈណាក៏ដោយ ព្រោះវាចាំបាច់ ហើយយើងត្រូវពឹង ផ្អែកលើខ្លួនយើង មិនមែនលើការសន្យាខ្យល់នោះទេ” ។

អំពីលទ្ធភាពនៃការចាប់ផ្តើមឡើងវិញនៃកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់-អាមេរិក។ មន្ត្រីរូបនេះបានលើកឡើងថា “អ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែជាដំបូង សហរដ្ឋអាមេរិកគួរតែបញ្ជាក់ ឱ្យច្បាស់ថាតើខ្លួនចាប់អារម្មណ៍លើកិច្ចសន្ទនាឈ្នះឈ្នះ ឬការដាក់ឆន្ទៈរបស់ខ្លួន”។

កាលពីថ្ងៃទី ១៣ ខែមិថុនា ពីរថ្ងៃមុនកិច្ចចរចានុយក្លេអ៊ែរដោយប្រយោលលើកទី៦ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការ ជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលជាច្រើន។ អ៊ីរ៉ង់ បានឆ្លើយតបនឹងការវាយ ប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្ស បើកជាច្រើនលើកទៅលើអ៊ីស្រាអែល។

កាលពីថ្ងៃទី ២២ ខែមិថុនា កងកម្លាំងអាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីគឺ Natanz, Fordow និង Isfahan ។ ជាការសងសឹក អ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានទ័ពអាកាស Al Udeid របស់អាមេរិកក្នុងប្រទេសកាតា។ បន្ទាប់ពីសង្រ្គាមរយៈពេល ១២ ថ្ងៃ បទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលត្រូវបានសម្រេចនៅថ្ងៃទី ២៤ ខែមិថុនា។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានទាមទារម្តងហើយម្តងទៀតឱ្យអ៊ីរ៉ង់ បញ្ឈប់ទាំងស្រុងនូវការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម ដែលជាសំណើមួយ ដែលត្រូវបានច្រានចោល ដោយទីក្រុងតេអេរ៉ង់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top