ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា ការចូលរួមរបស់អាមេរិក ក្នុងការវាយប្រហារ របស់អ៊ីស្រាអែល មិនអាចស្ដារទំនុកចិត្ដឡើងវិញឡើយ

RTNews

តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា ការចូលរួម របស់សហរដ្ឋអាមេរិក ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានធ្វើឱ្យការជឿទុកចិត្តរបស់ទីក្រុងតេអេរ៉ង់ លើទីក្រុងវ៉ាស៊ីនតោន “ទាបជាងសូន្យ” ។ លោកបានធ្វើការកត់សម្គាល់នៅពេលឆ្លើយតបទៅនឹងសំណួរ អំពីលក្ខខណ្ឌជាមុនរបស់អ៊ីរ៉ង់ សម្រាប់ការបន្តការចរចា នុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ។

លោក Baghaei បានលើកឡើងថា “យើងគ្មានការទុកចិត្តលើសហរដ្ឋអាមេរិកទេ ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ចំពេលការចរចា (ដោយប្រយោលរវាងអ៊ីរ៉ង់ និង សហរដ្ឋអាមេរិក) និងការចូលរួមរបស់សហរដ្ឋអាមេរិក ក្នុងការវាយប្រហារនេះ ក្រោយមកបានបន្សល់ទុកកន្លែង ជាមូលដ្ឋានសម្រាប់ការមានទំនុកចិត្តសូម្បីតែសូន្យលើទីក្រុងវ៉ាស៊ីនតោន” ។

លោកបានកត់សម្គាល់ថា អ៊ីរ៉ង់ មិនទាន់បានធ្វើការសម្រេចចិត្តណាមួយ នៅឡើយទេ អំពីការបន្តការចរចាជាមួយសហរដ្ឋអាមេរិក ដោយកត់សម្គាល់ថាការពិភាក្សា និងការផ្លាស់ប្តូរសាររវាងភាគីទាំងពីរ បានបន្តតាមរយៈអ្នកសម្របសម្រួល ។ លោក Baghaei ក៏បានថ្កោលទោសការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផងដែរ ដោយនិយាយថា វាបានធ្វើឱ្យចុះខ្សោយនូវច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ នៅក្នុងតំបន់ពាណិជ្ជកម្មសេរី ។

កាលពីថ្ងៃទី ១៣ ខែមិថុនា ពីរថ្ងៃមុនកិច្ចចរចានុយក្លេអ៊ែរ ដោយប្រយោលលើកទី៦ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក អ៊ីស្រាអែលបានបើកការ វាយប្រហារតាមអាកាសលើតំបន់ ជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និង ជនស៊ីវិលជាច្រើននាក់ ។ អ៊ីរ៉ង់បានឆ្លើយតបនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្ស បើកជាច្រើនលើកមកលើអ៊ីស្រាអែល។

កាលពីថ្ងៃទី ២២ ខែមិថុនា កងកម្លាំងអាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីគឺ Natanz, Fordow និង Isfahan ។ ជាការសងសឹក អ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានទ័ពអាកាស Al Udeid របស់អាមេរិកក្នុងប្រទេសកាតា។ បន្ទាប់ពីសង្រ្គាមរយៈពេល ១២ ថ្ងៃ បទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលត្រូវបានសម្រេចនៅថ្ងៃទី ២៤ ខែមិថុនា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top