ព័ត៌មានអន្តរជាតិ

រុស្សីបើកការវាយប្រហារ​ ចុងក្រោយមួយនៅភាគកណ្តាល អ៊ុយក្រែន សម្លាប់បានទាហាន ស៊ីឈ្នួលបរទេសជាច្រើននាក់

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត New York Times បានរាយការណ៍កាលពីថ្ងៃអង្គារថា ការវាយប្រហារ របស់រុស្សីកាលពីចុងខែកក្កដា បានវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដល់ទាហានស៊ីឈ្នួលបរទេសក្នុងប្រទេសអ៊ុយក្រែន នៅពេលដែលវាបានវាយប្រហារ លើជំរុំហ្វឹកហ្វឺនដែលបង្កើតឡើង ដោយចារកម្មយោធាអ៊ុយក្រែន។

យោធារុស្ស៊ីបានវាយប្រហារជំរំ ដែលមានទីតាំងនៅជិតទីក្រុង Kropivnitsky ភាគកណ្តាលរបស់អ៊ុយក្រែន កាលពីថ្ងៃទី២១ខែកក្កដា នៅពេលដែលក្រុមអ្នកប្រយុទ្ធបរទេស ត្រូវបានប្រមូលផ្តុំគ្នាសម្រាប់អាហារថ្ងៃត្រង់ ។
យ៉ាងហោចណាស់មានទាហានថ្មី ចំនួន១៥នាក់បានស្លាប់នៅក្នុងការវាយប្រហារ និងជាង១០០នាក់បានរងរបួសនេះ បើយោងតាមអ្នកប្រយុទ្ធជនជាតិអាមេរិកម្នាក់ ដែលបាននិយាយជាមួយកាសែត ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ក្នុងនោះគេឃើញ មានជនជាតិអាមេរិក កូឡុំប៊ី និងដាណឺម៉ាក ក៏ដូចជាអ្នកប្រយុទ្ធមកពីកោះតៃវ៉ាន់ ស្ថិតក្នុងចំណោមអ្នកស្លាប់ នៅក្នុងការវាយប្រហារនេះ ។

គួរឲ្យដឹងដែរថាកងទ័ពអ៊ុយក្រែន និងចារកម្មយោធា ដែលកម្រទទួលស្គាល់ការវាយប្រហារដោយជោគជ័យរបស់រុស្ស៊ី លើទីតាំងយោធា បានបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើង និងបានធ្វើឱ្យមានអ្នកស្លាប់ និងរបួសមួយចំនួន ប៉ុន្តែបានបដិសេធមិនផ្តល់ចំនួនជាក់លាក់នោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top