មេដឹកកំពូលរុស្ស៊ី និងកូរ៉េខាងជើង ជួបពិភាក្សាគ្នាតាមទូរស័ព្ទ មុនជំនួបកំពូលរវាងលោក ពូទីន និងលោក ត្រាំ នៅថ្ងៃសុក្រ

ម៉ូស្កូ៖ វិមានក្រឹមឡាំង បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលជាការប្រកាសដ៏កម្រនៃការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ។
ការិយាល័យប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថា ក្រៅពីការអបអរសាទរមេដឹកនាំកូរ៉េខាងជើងក្នុងរយៈពេល ៨០ឆ្នាំចាប់តាំងពីការរំដោះប្រទេសកូរ៉េពីអាណានិគមជប៉ុន លោក ពូទីន បានប្រាប់លោក គីម អំពីកិច្ចប្រជុំនាពេលខាងមុខជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅរដ្ឋ អាឡាស្កា កាលពីថ្ងៃសុក្រ។
រុស្ស៊ី និងកូរ៉េខាងជើង បាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធាចាប់តាំងពីទីក្រុងមូស្គូបានចាប់ផ្តើមការលុកលុយពេញលេញលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ លោក ពូទីន បាននិងកំពុងប្រាប់មេដឹកនាំនៃប្រទេសជាមិត្តដូចជាចិន ឥណ្ឌា អាហ្រ្វិកខាងត្បូង និងប្រេស៊ីលក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទចាប់តាំងពីសហរដ្ឋអាមេរិក និងរុស្ស៊ី បានយល់ព្រមរៀបចំកិច្ចប្រជុំកំពូលមួយនៅសប្ដាហ៍នេះ។
ថ្ងៃសុក្រក៏ជាខួបលើកទី៨០ ចាប់តាំងពីប្រទេសជប៉ុន បានចុះចាញ់នឹងកងកម្លាំងសម្ព័ន្ធមិត្តក្នុងឆ្នាំ១៩៤៦។ នៅប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង ថ្ងៃទី១៥ ខែសីហាត្រូវបានប្រារព្ធជាថ្ងៃរំដោះ។
ប្រទេសជប៉ុន បានធ្វើអាណានិគមលើឧបទ្វីបកូរ៉េចន្លោះឆ្នាំ១៩១០ និង ១៩៤៥ ។ នៅទីក្រុងព្យុងយ៉ាង កាលពីខែមិថុនាឆ្នាំមុន លោក គីម និងលោក ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូទូលំទូលាយ។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា
