ព័ត៌មានអន្តរជាតិ

អង់គ្លេសដោះលែងអ្នកទោស ជាង 26,000 នាក់ ដោយសារភាពចង្អៀត ណែននៅក្នុងពន្ធនាគារ

RT News

បរទេស៖ កាសែត Daily Mail បានរាយការណ៍ ដោយដកស្រង់ទិន្នន័យរបស់រដ្ឋាភិបាលថា ចក្រភពអង់គ្លេស បានដោះលែង អ្នកទោសជាង 26,000 នាក់ ដោយខ្លះជាប់ ពន្ធនាគាររយៈពេលយូរឆ្នាំ ដែលជាផ្នែកមួយ នៃកម្មវិធីយុត្តិធម៌ ដែលមានគោលបំណងបន្ធូរបន្ថយភាពចង្អៀត ណែននៅក្នុងពន្ធនាគារ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា កាសែតបាននិយាយនៅ ក្នុងអត្ថបទមួយកាលពីថ្ងៃអាទិត្យថា ក្នុងចំណោមអ្នកដែលត្រូវបានដោះលែងនៅចន្លោះខែកញ្ញា ឆ្នាំ 2024 ដល់ខែមីនា ឆ្នាំ 2025 មានអ្នកទោសចំនួន 248 នាក់ដែលត្រូវបានកាត់ទោសឱ្យជាប់គុក 14 ឆ្នាំ ឬយូរជាងនេះ សម្រាប់ការប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ។

តួលេខបង្ហាញថា ឧក្រិដ្ឋជនភាគច្រើនដែលត្រូវបានដោះលែងដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី Keir Starmer គឺជាពលរដ្ឋអង់គ្លេស ប៉ុន្តែក៏មានជនបរទេសជាង 2,600 នាក់ផងដែរ។

ជាមធ្យមអ្នកទោសចំនួន 3,461 នាក់ត្រូវបានដោះលែង ជារៀងរាល់ខែក្រោមគម្រោងនេះ ដែលអនុញ្ញាតឱ្យអ្នកទោស ខ្លះចាកចេញ បន្ទាប់ពីជាប់គុករយៈពេល 40% នៃការកាត់ទោសរបស់ពួកគេ។ ផ្អែកលើអត្រានេះ កាសែត Daily Mail ប៉ាន់ស្មានថាចំនួនសរុបនៃអ្នក ដែលត្រូវបានដោះលែងអាចឈានដល់ 45,000នាក់ នៅចុងបញ្ចប់នៃឆ្នាំដំបូងនៃកម្មវិធី៕
ប្រែសម្រួលៈ ណៃ តុលា

To Top