អ៊ីរ៉ង់ បញ្ជាក់ថា ការចរចាដោយផ្ទាល់ ជាមួយអាមេរិក អាចធ្វើទៅបាន ក្រោមលក្ខខណ្ឌអំណោយផល

តេអេរ៉ង់ៈ អនុប្រធានាធិបតីទីមួយរបស់ប្រទេសអ៊ីរ៉ង់ លោក Mohammad-Reza Aref បានឲ្យដឹងថា ក្រោមលក្ខខណ្ឌអំណោយផល ការចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក អាចត្រូវបានធ្វើឡើងដោយផ្ទាល់ ។
លោក Aref បានប្រាប់អ្នកយកព័ត៌មានថា “អ៊ីរ៉ង់បានត្រៀមខ្លួន រួចជាស្រេចក្នុងការចរចា ក្រោមលក្ខខណ្ឌស្មើគ្នា ខណៈដែលការចរចា គឺដើម្បីការពារផលប្រយោជន៍របស់ភាគីទាំងពីរ” ។ លោកបានបន្តថា «ប្រសិនបើលក្ខខណ្ឌសមស្រប ការចរចាអាចនឹងត្រូវបានធ្វើឡើងដោយផ្ទាល់»។
លោកបានកត់សម្គាល់ថា អ៊ីរ៉ង់ មិនមានវិធីប្រឆាំង នឹងការចរចាទេ ប៉ុន្តែនឹងមិនទទួលបានកិច្ចព្រមព្រៀង ដែលដាក់តែចេតនារបស់សហរដ្ឋអាមេរិកនោះទេ។
លោកបានបន្ដថា ប្រទេសលោកខាងលិចមួយចំនួន បានបង្វែរបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទៅជាគម្រោងនយោបាយ។ កាលពីថ្ងៃទី១៣ ខែមិថុនា ពីរថ្ងៃមុនកិច្ចចរចានុយក្លេអ៊ែរ ដោយប្រយោលលើកទី៦ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក អ៊ីស្រាអែលបានបើកការវាយប្រហារ តាមអាកាសលើតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការ ជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលជាច្រើន។
អ៊ីរ៉ង់បានឆ្លើយតបនឹងការ វាយប្រហារដោយកាំជ្រួច និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកមកលើអ៊ីស្រាអែលវិញ ដែលបណ្ដាញឲ្យមានការខូចខាត និងមនុស្សស្លាប់មួយចំនួន។
កាលពីថ្ងៃទី២២ ខែមិថុនា កងកម្លាំងអាមេរិក បានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីគឺ Natanz, Fordow និង Isfahan ។ ជាការសងសឹក អ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានទ័ពអាកាស Al Udeid របស់អាមេរិកក្នុងប្រទេសកាតា។ បន្ទាប់ពីសង្រ្គាមរយៈពេល ១២ថ្ងៃ បទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ត្រូវបានសម្រេចនៅថ្ងៃទី២៤ ខែមិថុនា
ប្រែសម្រួល ឈូក បូរ៉ា
