ទីតាំងដែលលោក Donald Trump និង លោក Putin គ្រោងជួបគ្នា គឺជាមូលដ្ឋានយោធាដ៏សំខាន់របស់អាមេរិក ក្នុងការទប់ទល់ នឹងសហភាពសូវៀត ក្នុងកំឡុងសង្គ្រាមត្រជាក់

ជារឿងដែលមិនបានគិតស្មានដល់ ប្រធានាធិបតី អាមេរិក លោក Donald Trump គ្រោងនឹងពិភាក្សាអំពីសង្គ្រាម នៅអ៊ុយក្រែន ជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin នៅមូលដ្ឋានយោធា ក្នុងរដ្ឋ Alaska ជាមូលដ្ឋាន ដែលមានសារៈសំខាន់ ក្នុងការទប់ទល់នឹងសហភាពសូវៀត ក្នុងកំឡុងសង្គ្រាមត្រជាក់ ហើយមូលដ្ឋានយោធានេះ នៅតែដំណើរដល់សព្វថ្ងៃនេះ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ជំនួបនេះគ្រោងនឹងធ្វើឡើង នៅថ្ងៃសុក្រនៅ ឯមូលដ្ឋានយោធារួម Elmendorf-Richardson ក្នុងទីក្រុង Anchorage , នេះបើយោង តាមមន្ត្រីសេតវិមាន ដែលបាននិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីផែនការផ្ទៃក្នុង។
មូលដ្ឋានដែលត្រូវបានបង្កើតឡើងដោយការរួមបញ្ចូលគ្នារវាងមូលដ្ឋានទ័ពអាកាស Elmendorf និងកងទ័ព Fort Richardson ក្នុងឆ្នាំ ២០១០ បានដើរតួនាទីជាយុទ្ធសាស្ត្រ សំខាន់ក្នុងការត្រួតពិនិត្យ និងរារាំងសហភាពសូវៀត ក្នុងអំឡុងពេលភាគច្រើន នៃសង្រ្គាមត្រជាក់។
ពេញមួយប្រវត្តិសាស្រ្តដ៏យូរអង្វែង របស់ខ្លួន មូលដ្ឋានយោធានេះបានរៀបចំយន្តហោះជាច្រើន និងត្រួតពិនិត្យប្រតិបត្តិការ នៃទីតាំងរ៉ាដាព្រមានជាមុនជាច្រើន ដែលមានបំណងស្វែង រកសកម្មភាពយោធាសូវៀត និងការបាញ់នុយក្លេអ៊ែរ ដែលអាចកើតមាន។ មូលដ្ឋានយោធានេះទទួលបានបាវចនាថា “គម្របដ៏កំពូល សម្រាប់អាមេរិកខាងជើង” សម្រាប់ពេលនេះ នេះបើយោង តាមគេហទំព័រ របស់មូលដ្ឋាន៕
ប្រែសម្រួលៈ ណៃ តុលា
