លោក Macron អះអាងថា លោក Trump ចង់ទទួលបានកិច្ចព្រមព្រៀង នៃបទឈប់បាញ់គ្នា កើតឡើងនៅក្នុងជំនួប ជាមួយនឹងលោក Putin

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump តាមសេចក្តីរាយការណ៍ បានប្រាប់មេដឹកនាំអឺរ៉ុបខាងលិចថា លោកចង់ឈានដល់កិច្ចព្រមព្រៀង ឈប់បាញ់នៅក្នុងជម្លោះអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំនាពេលខាងមុខ ជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ហើយនេះបើយោងតាម លោក Emmanuel Macron ប្រធានាធិបតី របស់ប្រទេសបារាំង បានបញ្ជាក់បន្ថែមផង។
សន្និសីទវីដេអូមួយត្រូវបានធ្វើឡើងរវាងលោក Trump និងមេដឹកនាំនៃប្រទេសអាល្លឺម៉ង់ ហ្វាំងឡង់ បារាំង ចក្រភពអង់គ្លេស អ៊ីតាលី ប៉ូឡូញ មន្ត្រីសហភាពអឺរ៉ុប និងលោកVladimir Zelensky របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញ ។
កិច្ចប្រជុំត្រៀមតាមអនឡាញនេះ ត្រូវបានធ្វើឡើង នៅមុនការពិភាក្សាអំពីកិច្ចប្រជុំកំពូលរបស់លោក Trump ជាមួយលោកPutin នៅរដ្ឋអាឡាស្កាដែលគ្រោងធ្វើនៅថ្ងៃសុក្រ ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីការហៅទូរសព្ទនេះ លោក Macron បាននិយាយថា ប្រធានាធិបតីអាមេរិក បានចង្អុលបង្ហាញថា លោកមានបំណងទទួលបានបទឈប់បាញ់ នៅអ៊ុយក្រែន អំឡុងពេលជួបជាមួយលោក Putin។
គួរឲ្យដឹងបន្ថែមដែរថា លោក Trump ក៏បានធានាដល់អឺរ៉ុបថា ការពិភាក្សាណាមួយលើបញ្ហាដែនដី ដែលទាក់ទងនឹងអ៊ុយក្រែន នឹងត្រូវចរចាជាមួយក្រុងគៀវនៅតុចរចាដែរ ៕
ប្រែសម្រួល៖ស៊ុនលី
