ព័ត៌មានអន្តរជាតិ

បារាំង សារភាពថា ពិតជាបង្កើត និងអូសបន្លាយសង្គ្រាម នៅកាមេរូនអំឡុង ពេលធ្វើអាណានិគម

RT News

បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT បានសរសេរថាលោកប្រធានាធិបតីបារាំងលោកMacron ត្រូវបានគេរាយការណ៍ថា បានសរសេរទៅមេដឹកនាំកាមេរូន ដោយបានទទួល ស្គាល់តួនាទី របស់ទីក្រុងប៉ារីសក្នុងការសម្លាប់មេដឹកនាំ ដែលគាំទ្រឯករាជ្យជាច្រើននាក់ នៅអំឡុងពេលរវាងឆ្នាំ១៩៥៨ និង ១៩៦០ ។

ប្រធានាធិបតី Emmanuel Macron បានទទួលស្គាល់ទំនួលខុសត្រូវរបស់ប្រទេសបារាំង ចំពោះ អំពើហឹង្សានិងការគាបសង្កត់ក្នុងអំឡុងពេល និងបន្ទាប់ពីការតស៊ូទាមទារឯករាជ្យរបស់ប្រទេសកាមេរូន នៅក្នុងលិខិតផ្លូវការមួយទៅ កាន់សមភាគីកាមេរូនគឺលោក Paul Biya ។

នៅក្នុងលិខិតដ៏ខ្លីមួយលោក Macron បានធ្វើការសុំទោសចំពោះអំពើឃោរឃៅ ដែលបានប្រព្រឹត្តដោយទាហានបារាំង នៅក្នុងប្រទេសអាហ្វ្រិកកណ្តាលមួយនេះ។

ចំណាត់ការនេះបានធ្វើឡើង តាមរបាយការណ៍ដែលបានចេញផ្សាយ ក្នុងខែមករាដោយគណៈកម្មការ ប្រវត្តិសាស្រ្តបារាំង-កាមេរូនរួម ដែលបានពិនិត្យមើលការគាបសង្កត់ របស់ប្រទេសបារាំងចំពោះចលនាឯករាជ្យពីឆ្នាំ១៩៤៥ដល់ឆ្នាំ ១៩៧១ ។

លោក Macron នៅក្នុងលិខិតចុះថ្ងៃទី៣០ ខែកក្កដា និងបានផ្សព្វផ្សាយ ជាសាធារណៈកាលពីថ្ងៃអង្គារ បាននិយាយថា របាយការណ៍របស់គណៈកម្មាការ បានគូសបញ្ជាក់យ៉ាងច្បាស់ថា សង្រ្គាមបានកើតឡើងនៅក្នុងប្រទេសកាមេរូន ក្នុងអំឡុងពេលដែលស្ថិតនៅក្រោមអាណានិគម របស់បារាំងហើយកងទ័ពបារាំងបានអនុវត្តទម្រង់នៃអំពើហឹង្សាគាបសង្កត់ ជាច្រើនរូបភាពកាលពីគ្រានោះពិតមែន៕

ប្រែសម្រួល៖ស៊ុនលី

To Top