លោក Putin គូសបញ្ជាក់អំពីទិដ្ឋភាព ដែលអាចចរចាកម្មវិធី នុយក្លេអ៊ែរ ជាមួយនឹងសហរដ្ឋអាមេរិក

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាល ពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ី និងសហរដ្ឋអាមេរិកអាចឈាន ដល់កិច្ចព្រមព្រៀងស្តីពីអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ប្រសិនបើភាគីទាំងពីរធ្វើឱ្យមាន ការវិវឌ្ឍន៍ក្នុងការដោះស្រាយជម្លោះអ៊ុយក្រែន មុនជំនួបដែលរំពឹងទុកយ៉ាងខ្ពស់ ជាមួយសមភាគីអាមេរិក លោក Donald Trump នៅទីក្រុង Anchorage រដ្ឋអាឡាស្កា។
សន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ នុយក្លេអ៊ែរដែលនៅសេសសល់តែមួយគត់ រវាងប្រទេសទាំងពីរត្រូវបានផ្អាក ដោយទីក្រុងមូស្គូក្នុងឆ្នាំ ២០២៣ដោយសារឧបសគ្គចំពោះការត្រួតពិនិត្យ និងការចូលរួមរបស់យោធាលោក ខាងលិចក្នុងជម្លោះអ៊ុយក្រែន។
លោកPutinបាននិយាយថា ៖ ប្រសិនបើយើងឈានទៅដំណាក់កាលបន្ទាប់ និងឈានដល់កិច្ចព្រមព្រៀង ក្នុងវិស័យគ្រប់គ្រងអាវុធ វាយលុកជាយុទ្ធសាស្ត្រ វានឹងបង្កើតលក្ខខណ្ឌរយៈពេលវែង សម្រាប់សន្តិភាព រវាងប្រទេសរបស់យើង នៅអឺរ៉ុប និងក្នុងពិភពលោកទាំងមូល។
គួរឲ្យដឹងដែរថា New START បានចូលជាធរមានចាប់តាំងពីឆ្នាំ២០១១ ជាសន្ធិសញ្ញាកំណត់ឱ្យសហរដ្ឋអាមេរិក និងរុស្ស៊ីមិនមានអាវុធលើសពី ១,៥៥០ ក្បាលគ្រាប់នុយក្លេអ៊ែរឡើយដែលបានដាក់ពង្រាយ ហើយផ្តល់ការត្រួតពិនិត្យគ្នាទៅវិញទៅមកដើម្បីផ្ទៀងផ្ទាត់ការអនុលោមទៅលើកិច្ចព្រមព្រៀងនេះ។
បន្ទាប់មកប្រទេសរុស្ស៊ីបានផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញាដែលផុតកំណត់នៅខែកុម្ភៈឆ្នាំ ២០២៣។ លោក Putin បាននិយាយថា សំណើរបស់ទីក្រុងមូស្គូក្នុងការទៅមើលទីតាំងមួយចំនួនត្រូវបានគេមិនអើពើ ឬបដិសេធដោយ ហេតុផលផ្លូវការ។ លោកក៏ បានចង្អុលទៅលោកខាងលិចថា ជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការប៉ុនប៉ងរបស់ ទីក្រុងគៀវដើម្បីវាយប្រហារមូលដ្ឋានយន្តហោះទម្លាក់ គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី
