ព័ត៌មានអន្តរជាតិ

ការស្លាប់ដោយអត់អាហារ នៅតំបន់ហ្គាហ្សា នៅតែបន្តកើនឡើង

The Guadain

អង្គការសហប្រជាជាតិ ៖ អ្នកស្លាប់ និងរបួសដោយសារការខ្វះខាតស្បៀង អាហារយ៉ាងធ្ងន់ធ្ងរ នៅតែបន្ដកើនឡើង នៅពេលដែលការ វាយប្រហារតាមអាកាស និងការទម្លាក់គ្រាប់បែកនៅទូទាំង តំបន់ហ្គាហ្សារបស់អ៊ីស្រាអែល នៅតែបន្តសម្លាប់ របួស និងជម្លៀសប្រជាជន និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលកាន់តែអាក្រក់។

អាជ្ញាធរសុខាភិបាលហ្គាហ្សា បានរាយការណ៍កាលពីថ្ងៃពុធថាមនុស្ស ៨ នាក់ដែលទទួលរងនូវផល ប៉ះពាល់នៃកង្វះអាហារូបត្ថម្ភ និងការអត់ឃ្លានរួមទាំង កុមារបីនាក់បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងមុន។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការ សម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា “របាយការណ៍បែបនេះបានក្លាយទៅជារឿងប្រចាំថ្ងៃ ដែលឆ្លុះបញ្ចាំងពីវិបត្តិមនុស្សធម៌កាន់តែស៊ីជម្រៅ និងតម្រូវការបន្ទាន់ សម្រាប់ជំនួយប្រកបដោយនិរន្តរភាព” ។

OCHA បានឲ្យដឹងថា ក្នុងឆ្នាំ បច្ចុប្បន្ន កុមារជាង ៣៤០ នាក់ត្រូវបានអនុញ្ញាតឱ្យទទួលការ ព្យាបាលកង្វះអាហារូបត្ថម្ភ នៅមជ្ឈមណ្ឌលព្យាបាលមួយ ក្នុងចំណោមមជ្ឈមណ្ឌលព្យាបាលចំនួន ៥ នៅតំបន់ហ្គាហ្សា។ គិតត្រឹមថ្ងៃទី ៥ ខែសីហា កុមារសរុបចំនួន ៤៩ នាក់បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភក្នុងនោះមានកុមារ ៣៩ នាក់ដែលមានអាយុក្រោម ៥ ឆ្នាំ។

បន្ទាប់ពីអ៊ីស្រាអែល បានចោទសួរពីភាពត្រឹមត្រូវនៃរបាយការណ៍មរណភាពកង្វះអាហារូបត្ថម្ភរបស់អាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សា លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះថា ស្ថាប័នពិភពលោកបានរកឃើញថា វាជាការពិតកាលពីអតីតកាល។

OCHA បានឲ្យដឹងទៀតថា អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនបានប្រមូលទិន្នន័យពីគ្រួសារជាង ៩០០ នៅទូទាំងតំបន់ហ្គាហ្សាក្នុងខែកក្កដា ដែលបង្ហាញពីការប៉ះទង្គិចជាបន្តបន្ទាប់ដែលនាំទៅដល់បញ្ហាសុខភាពផ្លូវចិត្ត រួមទាំងការថប់បារម្ភ និង ជំងឺធ្លាក់ទឹកចិត្ត។ មនុស្សជាច្រើនកំពុងរស់នៅក្នុងទីជម្រកក្រៅផ្លូវការ ដែលមានមនុស្សច្រើន កកកុញ គ្មានសុវត្ថិភាព និងខ្វះកន្លែងទំនេរ និងឯកជនភាព ជាពិសេសសម្រាប់ស្ត្រី និងកុមារ។

ការិយាល័យបានបន្ថែមថា ដៃគូមនុស្សធម៌របស់ខ្លួន ដែលធ្វើការលើការការពារ បានចាប់ផ្តើមផ្តល់ជំនួយផ្នែកសុខភាពផ្លូវចិត្ត និងផ្លូវចិត្តសម្រាប់ក្រុមថែទាំដែលមានរបួសរបស់ពួកគេនៅហ្គាហ្សា តាមរយៈវគ្គ “ការថែទាំ សម្រាប់អ្នកថែទាំ”។ ប្រភពបន្ថែមថា គ្រួសារនៅតែបន្តរាយការណ៍អំពីអនាម័យមិនល្អ និងកង្វះទឹកស្អាត ខណៈដែលនៅភាគខាងត្បូងហ្គាហ្សា បំពង់បង្ហូរទឹកដែលផ្គត់ផ្គង់ ដោយអ៊ីស្រាអែល ឈ្មោះ Mekorot នៅតែរងការខូចខាតជិតមួយ សប្តាហ៍រហូតមកដល់ឥឡូវនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top