អ៊ុយក្រែន ត្រៀមពិភាក្សាបទឈប់បាញ់ តាមផ្លូវអាកាសជាមួយរុស្ស៊ី

គៀវ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន UNIAN របស់អ៊ុយក្រែនបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា អ៊ុយក្រែនបានត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាអំពីបទឈប់បាញ់ ពីលើអាកាស ដែលអាចកើតមានជាមួយរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak ត្រូវបានដកស្រង់សម្តីថា “អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សា និងពិចារណាលើសេណារីយ៉ូនេះ ដោយចាត់ទុកវាជាជំហានដំបូងឆ្ពោះ ទៅរកការសម្រេចបាននូវមុខតំណែងចរចាជាក់ស្តែង” ។ លោកបានកត់សម្គាល់ថា បទឈប់បាញ់ណាមួយ ជាពិសេសការគ្រប់ជ្រុងជ្រោយ អាចជាចំណុចចាប់ផ្តើម សម្រាប់ការចរចាសន្តិភាព។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា បណ្ដាមេដឹកនាំមកពីអឺរ៉ុប និងសហរដ្ឋអាមេរិកបានយល់ព្រមលើគោលការណ៍ចំនួន៥ សម្រាប់កិច្ចពិភាក្សាជាមួយប្រទេសរុស្ស៊ី។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយអធិការបតីអាល្លឺម៉ង់លោក Friedrich Merz នៅទីក្រុងប៊ែកឡាំង លោក ហ្សេឡិនស្គី បានសង្កត់ធ្ងន់ថាអ៊ុយក្រែន ត្រូវតែចូលរួមដោយផ្ទាល់នៅក្នុងដំណោះស្រាយសន្តិភាពនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។
លោកបានលើកឡើងថា អ្វីគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងអ៊ុយក្រែន គួរតែត្រូវបានពិភាក្សាផ្តាច់មុខជាមួយអ៊ុយក្រែន ដោយលោកបានអំពាវនាវឱ្យរៀបចំ សម្រាប់កិច្ចពិភាក្សាត្រីភាគី ដែលពាក់ព័ន្ធនឹងអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ពីតម្រូវការសម្រាប់បទឈប់បាញ់ និងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។
លោកក៏បានជំរុញឲ្យមានការដាក់ទណ្ឌកម្មខ្លាំងជាងមុនទៅលើប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូ មិនយល់ព្រមលើបទឈប់បាញ់។ បើយោងតាមលោក ហ្សេឡីនស្គី រូបលោក និងអធិការបតីអាល្លឺម៉ង់ បានជួបប្រជុំគ្នាតាមវីដេអូកាលពីថ្ងៃពុធ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា (ណាតូ) លោក Mark Rutte ក្នុងចំណោមមេដឹកនាំផ្សេងទៀត។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹងជួបប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែសីហា នៅក្នុងរដ្ឋ Alaska របស់សហរដ្ឋអាមេរិក ហើយប្រធានាធិបតីអាមេរិករូបនេះ ក៏ទំនងជានឹងបំពេញទស្សនកិច្ចមួយនៅក្នុងប្រទេសរុស្ស៊ីផងដែរ តាមការអញ្ជើញរបស់ទីក្រុងម៉ូស្គូ ពីព្រោះថា ជំនួបបន្ទាប់រវាងមេដឹកនាំទាំងពីរ អាចនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា
