បទវិភាគ ៖ ផ្លូវឆ្ពោះទៅរកសន្តិភាព របស់ជប៉ុន គឺស្ថិតនៅត្រង់ការកែតម្រូវ ការយល់ដឹងរបស់ខ្លួន ចំពោះប្រវត្តិសាស្ត្រ

“ប្រសិនបើយើងមិនដឹងប្រវត្តិសាស្រ្តឈ្លានពាន នោះប្រហែលជាអាចប្រព្រឹត្តកំហុសដដែលៗម្តងទៀត” ។ ក្នុងពិព័រណ៍មួយ ដែលដាក់តាំង បង្ហាញពីអំពើឃោរឃៅ ដែលបានប្រព្រឹត្តដោយកងទ័ពជប៉ុន ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ ដែលរៀបចំ ដោយសមាគមសង្គមស៊ីវិលជប៉ុន នាពេលថ្មីៗនេះ អ្នកស្ម័គ្រចិត្តបានពន្យល់ពីមូលហេតុ នៃការរៀបចំពិព័រណ៍នេះ ក្នុងរយៈពេលដប់ឆ្នាំជាប់ៗគ្នា។ ៨០ឆ្នាំក្រោយពីសង្រ្គាម គឺនៅថ្ងៃទី១៥ ខែសីហា ដែលជាទិវារំលឹកការចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់ជប៉ុន សំឡេងបែបនេះ កាន់តែមានអត្ថន័យព្រមានទៅទៀត ។

ការចងចាំប្រវត្តិសាស្ត្រនេះ គឺដើម្បីក្រេបយកមេរៀន ហើយថែរក្សាសន្តិភាព ដែលបានមកដោយមិនងាយនោះ ។ ក្នុងកំឡុងពេលសង្គ្រាមលោកលើកទី២ សង្រ្គាមឈ្លានពាន និងការត្រួតត្រាអាណានិគម ដែលធ្វើឡើងដោយយោធានិយមជប៉ុន បាននាំមកនូវការឈឺចាប់ ដែលមិនអាចបំភ្លេចបាន ដល់ប្រទេសជាច្រើន ។ ក្នុងនោះ សង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន បានចាប់ផ្ដើមដំបូងបំផុត និងអូសបន្លាយយូរបំផុត ដែលមានអ្នកស្លាប់និងរងរបួសជាង៣៥លាននាក់ ។ នៅថ្ងៃទី១៥ខែសីហាឆ្នាំ១៩៤៥ប្រទេសជប៉ុន បានទទួលយកសេចក្តីប្រកាសPotsdam ហើយបានប្រកាសចុះចាញ់ ដោយគ្មានលក្ខខណ្ឌ ដែលជាការកត់សម្គាល់ពីជ័យជម្នះចុងក្រោយ នៃសង្រ្គាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមពិភពលោកប្រឆាំងហ្វាស៊ីស ។
ប៉ុន្តែ ៨០ឆ្នាំក្រោយមក អាកប្បកិរិយារបស់ប្រទេសជប៉ុន បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ថា វាកើត”ជម្ងឺភ្លេចភ្លាំងប្រវត្តិសាស្ត្រ” ។ អ្នកនយោបាយជប៉ុនមួយចំនួន និងកងកម្លាំងស្តាំនិយមកំពុង រកគ្រប់មធ្យោបាយ ដើម្បីច្រានចោលទំនួលខុសត្រូវចំពោះសង្រ្គាម ដោយបានមួលបង្កាច់ការប្រឆាំង នឹងការឈ្លានពានដ៏ត្រឹមត្រូវ របស់ប្រទេសចិនជា “ការបង្កហេតុ” ។ ព្រមពេលជាមួយគ្នានេះ ពួកគេក៏បានកែប្រែខ្លឹមសារ សៀវភៅសិក្សាប្រវត្តិសាស្ត្រ ដោយបដិសេធចំពោះភស្តុតាងដែលមិនអាចប្រកែក បានទាក់ទិននឹងការសម្លាប់រង្គាល នៅក្រុងណានជីង និងបញ្ហាស្រ្តីបម្រើផ្លូវភេទ ក្នុងជួរកងទ័ពជប៉ុន ព្រមទាំងបំភ្លៃការពិត ដែលខ្លួនឈ្លានពានជាមុន ហើយបំផ្លើស ដោយចេតនា នូវអត្តសញ្ញាណជា “ជនរងគ្រោះដោយគ្រាប់បែក បរមាណូ” ក្នុងគោលបំណងបំភាន់ភ្នែកសាធារណជន ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានការណ៍អន្តរជាតិ កើតមានបម្រែបម្រួល ភាពស្មុគស្មាញនិងរង្គោះរង្គើយ៉ាងខ្លាំង កងកម្លាំងស្តាំនិយម ក្នុងប្រទេសជប៉ុន បានឆ្លៀតយកឱកាសនេះ ដើម្បីជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាព បន្តពង្រីកការប្រកួតប្រជែងខាងសព្វាវុធ ប៉ុនប៉ងស្តារចក្រពត្តិនិយមឡើងវិញ។ ពីការកើនឡើងយ៉ាងខ្លាំងនៃថវិកាការពារជាតិ ក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់មកនេះដល់ការបំពានគោលការណ៍ “ការពារទាំងស្រុង” ពីការជំរុញការបង្កើត “អង្គការណាតូបែប អាស៊ីប៉ាស៊ីហ្វិក ” ដល់ការដាក់ចេញ«សៀវភៅស ស្តីពីកិច្ចការពារជាតិ»ច្បាប់ថ្មី ដោយលើកឡើងថា” ចិនជាបញ្ហាប្រឈម ជាយុទ្ធសាស្រ្តដ៏ធំបំផុត ដែលមិនធ្លាប់មានកាលពីមុន” ព្រមទាំងជ្រៀតជ្រែក លើបញ្ហាតៃវ៉ាន់ ទង្វើដ៏គ្រោះថ្នាក់មួយចំនួន របស់ជប៉ុនបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់សណ្ដាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្រ្គាមលោកលើកទី២ គំរាមកំហែង ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបណ្តាលឱ្យប្រទេស ជិតខាងនៅអាស៊ីនិងសហគមន៍ អន្តរជាតិមានការប្រុងប្រយ័ត្នខ្ពស់ និងការព្រួយបារម្ភយ៉ាងខ្លាំង ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របនឹងពេលដែលឯកសារមួយចំនួន ដូចជាវីដេអូពិតនៃការសម្លាប់រង្គាលនៅក្រុងណានជីង និងកំណត់ត្រានៃការពិសោធន៍មនុស្ស រស់របស់កងទ័ព៧៣១ ជាដើមត្រូវចេញផ្សាយជាសាធារណៈ ពាក្យកុហករបស់ពួកស្តាំនិយមជប៉ុន ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ។ បញ្ញវន្តជប៉ុនបង្ហាញថា ស្តង់ដារពីររបស់រដ្ឋាភិបាលជប៉ុន ក្នុងការយល់ដឹងពីប្រវត្តិសាស្ត្រ មិនអាចបញ្ចុះបញ្ចូលជន រងគ្រោះដោយសង្រ្គាមបានទេ ។
៨០ឆ្នាំបានកន្លងផុតទៅហើយ ហើយការជំនុំជម្រះ របស់ប្រវត្តិសាស្ត្រនៅតែមិនទាន់បញ្ចប់នៅឡើយ។ ប្រទេសជប៉ុនមិនអាចសម្រេច បាននូវគោលដៅរបស់ខ្លួន ក្នុងការក្លាយជា “ប្រទេសប្រក្រតី” ដោយពឹងផ្អែកលើការកែប្រែប្រវត្តិសាស្រ្ត និងការពង្វាតខាងយោធា ។ មានតែកែតម្រូវការយល់ដឹង ពីប្រវត្តិសាស្រ្តរបស់ខ្លួន សុំទោសដោយស្មោះត្រង់ រាប់អានជាមួយប្រទេសជិតខាង និងចាត់ទុកប្រទេសជិតខាងជាដៃគូ ទើបអាចឆ្ពោះទៅរកអនាគត ដែលប្រកបដោយសន្តិភាពបាន ៕
