ការស្ដារទីជនបទឡើងវិញ ដោយគ្រប់ជ្រុងជ្រោយ

ក្នុងនាមជាប្រទេសកសិកម្មដ៏សំខាន់ ប្រទេសចិនមានផ្ទៃដីបង្កបង្កើនផលតិចជាង ១០% នៃពិភពលោក ប៉ុន្តែត្រូវចិញ្ចឹមប្រជាជនជិត ២០% នៃចំនួនប្រជាជនពិភពលោក ។ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងយ៉ាងរស់រវើកថា ប្រជាជនចិនត្រូវតែធានាថាកាន់ “ចានបាយ” នៅក្នុងដៃរបស់ខ្លួនឱ្យជាប់គ្រប់ពេលវេលា ។ គិតត្រឹមឆ្នាំ ២០២៤ ទិន្នផលស្បៀងរបស់ប្រទេសចិនសម្រេច បាននូវការប្រមូលផលយ៉ាងច្រើនសន្ធឹក រយៈពេល ២១ ឆ្នាំជាប់ៗគ្នា ហើយប្រជាជនចិនបានកាន់ “ចានបាយ” របស់ពួកគេយ៉ាងរឹងមាំ ។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាថ្មីមួយបានកើតឡើង ៖ បន្ទាប់ពីមានអាហារហូបចុកគ្រប់គ្រាន់ តើគួរធ្វើដូចម្តេច ដើម្បីឱ្យកសិកររាប់រយលាននាក់ ដែលធ្វើស្រែចម្ការមានជីវភាពរស់នៅល្អ ដូចអ្នកទីក្រុង? តើគួរធ្វើដូចម្ដេចដើម្បីឱ្យជនបទស្តារឡើងវិញ តាមរយៈទំនើបកម្ម? នេះជាបញ្ហាស្នូលដែល “យុទ្ធសាស្ត្រស្តារជនបទ” ត្រូវដោះស្រាយ ។
ទី ១ ត្រូវការពារប្រជាជន កុំឱ្យធ្លាក់ទៅក្នុងភាពក្រីក្រ វិញ។ ប្រទេសចិនបានលុបបំបាត់ភាពក្រីក្រជាប្រវត្តិសាស្ត្រ ដោយបានជួយដល់ កសិករជិត១០០លាននាក់ចាកចេញពីភាពក្រីក្រ ។ ប៉ុន្តែ លោក Xi Jinping សម្គាល់ឃើញថា ការកាត់បន្ថយភាពក្រីក្រមិនមែនជាចំណុចបញ្ចប់នោះទេ ។ ចាំបាច់ត្រូវជំរុញកម្លាំងចលករផ្ទៃក្នុងនៃតំបន់ជនបទ ដើម្បីទប់ស្កាត់”ភាពក្រីក្ររើឡើងវិញ” ដោយសារកត្តាជំងឺ គ្រោះមហន្តរាយនិងបម្រែបម្រួល នៃទីផ្សារអន្តរជាតិ ។

ទី ២ ត្រូវបំបែក“គម្លាតទីក្រុង-ជនបទ”។ ខណៈពេលដែលទីក្រុងកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប៉ុន្តែតំបន់ជនបទជាច្រើន នៅតែយឺតយ៉ាវក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដូចជាផ្លូវថ្នល់ ទឹក និងបណ្តាញអ៊ីនធឺណេត ព្រមទាំងសេវាសាធារណៈដូចជាការអប់រំ សុខាភិបាល និងការថែទាំមនុស្សចាស់ជាដើម ។ លោក Xi Jinping បានលើកឡើងថា មិនត្រូវទុកចោលតំបន់ជនបទក្នុងដំណើរការទំនើបភាវូបនីយកម្មទេ ហើយកសិករត្រូវតែអាចទទួលបានផលចេញពីការអភិវឌ្ឍន៍ ។
ទី ៣ ត្រូវការពារ”គុណសម្បត្តិទីជនបទ” ។ ទស្សនៈអភិបាលកិច្ចរបស់លោក Xi Jinping គឺធ្វើឱ្យតំបន់ជនបទ រក្សានូវវប្បធម៌ប្រពៃណី ក្នុងអំឡុងពេលអភិវឌ្ឍន៍ ផ្លាស់ប្តូរតម្លៃអេកូឡូស៊ីនៃទឹកថ្លាភ្នំបៃតងទៅជាអត្ថប្រយោជន៍ សម្រាប់ការរស់នៅនិងប្រកបការងារ និងធ្វើឱ្យតំបន់ជនបទក្លាយជា “សួនខាងក្រោយ” និងរបាំងបរិស្ថាននៃទីក្រុង ។

តើគួរស្តារទីជនបទឡើងវិញយ៉ាងដូចម្ដេច?
ទី ១ ត្រូវអភិវឌ្ឍឧស្សាហកម្មជនបទឡើងវិញ ។ “កសិកម្ម + បច្ចេកវិទ្យា” កំពុងធ្វើឱ្យកសិកម្មកាន់តែមានប្រសិទ្ធភាពខ្ពស់។ ទូរស័ព្ទដៃបានក្លាយជាឧបករណ៍កសិកម្មថ្មី ហើយតាមរយៈការផ្សាយផ្ទាល់តាមប្រព័ន្ធអេឡិចត្រូនិក ម្ទេសរបស់ ខេត្ត Guizhou ត្រូវបានលក់ទូទាំងប្រទេសតាមអនឡាញដោយផ្ទាល់ទៅកាន់តុអាហារ ។ “កសិកម្ម + ទេសចរណ៍” បានបើកផ្លូវកើតទ្រព្យ៖ ស្រុកZhenghe ក្នុងខេត្ត Fujian បានប្រែក្លាយសន្លឹកតែទៅជា “តែ” កើតទ្រព្យដោយការរួមបញ្ចូលឧស្សាហកម្មទាំងបី។
ទី ២ ត្រូវជំរុញការអភិវឌ្ឍជនបទ ។ ការអភិវឌ្ឍជនបទរបស់ប្រទេសចិន រួមមានផ្លូវថ្នល់ ទឹក ភ្លើង និងប្រព័ន្ធអ៊ីនធឺណិត។ ការស្ដារឡើងវិញនូវធនធានអេកូឡូស៊ីកសិកម្មដូចជា ដីស្រែចំការ វាលស្មៅ ព្រៃឈើ និងទន្លេបានធ្វើឱ្យទេសភាពជនបទកាន់តែល្អប្រសើរឡើង ដោយបង្ហាញពីសម្រស់ធម្មជាតិរបស់ជនបទ ។
ទី៣ ត្រូវធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចជនបទ ។ ការពារភូមិបុរាណ សាងសង់មជ្ឈមណ្ឌលវប្បធម៌ និងបណ្ណាល័យ ព្រមទាំងរៀបចំសកម្មភាពវប្បធម៌ និងកីឡា។ យើងក៏នឹងធ្វើការកែទម្រង់វប្បធម៌កតវេទីជនបទ និងស្តារអរិយធម៌ជនបទនៃប្រជាជាតិកសិកម្មដែលមានអាយុកាល ៤០០០ ឆ្នាំមកហើយ៕
