សហភាពអឹរ៉ុបប្តេជ្ញាចិត្តក្នុងការបន្តដាក់ទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសរុស្សី

បរទេស៖យោងតាមការចេញផ្សាយរបស់ RTសហភាពអឺរ៉ុបបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយបានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថាពួកគេអាចនឹងត្រូវបានបន្ធូរបន្ថយជាថ្នូរនឹងកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងជម្លោះអ៊ុយក្រែន។
លោកខាងលិចបានដាក់ទណ្ឌកម្មជាច្រើនដែលមិនធ្លាប់មានពីមុនមកលើទីក្រុងមូស្គូជុំវិញជម្លោះអ៊ុយក្រែន។ សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទី១៨របស់ខ្លួនកាលពីខែមុនបន្ទាប់ពីការជជែកដេញដោលជាច្រើនសប្តាហ៍ក្នុងចំណោមរដ្ឋជាសមាជិក។ ទោះជាយ៉ាងណាក៏ដោយ Sky News បានរាយការណ៍នៅដើមសប្តាហ៍នេះថាការពិភាក្សាត្រូវបានធ្វើឡើងអំពីការបន្ធូរបន្ថយវិធានការនេះ។
អ្នកនាំពាក្យម្នាក់របស់គណៈកម្មការអឺរ៉ុប លោកស្រី Arianna Podesta បានច្រានចោលរបាយការណ៍នេះថាជា ការរំពឹងទុកសុទ្ធសាធ ដោយប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ប្លុក នឹងរក្សាសម្ពាធលើប្រទេសរុស្ស៊ីដដែល។
ក្នុងនោះផងដែរលោកស្រីបាននិយាយទៀតថាការងារកំពុងដំណើរការរួចហើយនៅលើកញ្ចប់ទី១៩ដែលរំពឹងថានឹងត្រូវបានអនុម័តនៅខែក្រោយ។
យោងតាមរបាយការណ៍របស់ Sky News ដោយដកស្រង់ប្រភពជិតស្និទ្ធនឹងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប អ្នកគាំទ្រអឺរ៉ុបរបស់ទីក្រុងគៀវកំពុងពិចារណាលើការដកទណ្ឌកម្មជាដំណាក់កាលមកវិញដែរ ប្រសិនបើបទឈប់បាញ់ពេញលេញអាចត្រូវបានយល់ព្រម៕
ប្រែសម្រួល៖ស៊ុនថលី
