ជប៉ុន ប្រារព្ធខួបលើកទី ៨០ នៃការចុះចាញ់របស់ខ្លួន នៅក្នុងសង្គ្រាមលោកលើកទី ២

តូក្យូ៖ ប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ បានប្រារព្ធខួបលើកទី ៨០ នៃការចុះចាញ់របស់ខ្លួននៅក្នុងសង្គ្រាមលោកលើកទី ២ ខណៈដែលភាពចាស់នៃអ្នករស់រានមានជីវិត និងជម្លោះជាសកល ដែលកំពុងបន្តបានបញ្ជាក់ពីសារៈសំខាន់ នៃការបន្តការប្តេជ្ញាចិត្ត របស់ខ្លួន ចំពោះសន្តិភាព។
ពិធីរំលឹកវិញ្ញាណក្ខន្ធនឹងធ្វើឡើងនៅ Nippon Budokan ក្នុងទីក្រុងតូក្យូ ដើម្បីកាន់ទុក្ខអ្នកស្លាប់ក្នុងសង្គ្រាម ដែលចូលរួមដោយអធិរាជជប៉ុន Naruhito និងព្រះចៅអធិរាជ Masako ។ សមាជិកគ្រួសារដែលបានស្លាប់ប្រហែល ៣,៤០០ ត្រូវបានគេរំពឹងថា នឹងចូលរួម។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba ក៏នឹងថ្លែងសុន្ទរកថាមួយដើម្បីប្រារព្ធថ្ងៃទី ១៥ ខែសីហា ដែលជាថ្ងៃដែលកាលពី ៨០ ឆ្នាំមុន ព្រះចៅអធិរាជជប៉ុន Hirohito បានប្រកាសចុះចាញ់សង្គ្រាម របស់ប្រទេសជប៉ុននៅក្នុងការផ្សាយតាមវិទ្យុ។
នៅក្នុងពិធីនេះ លោក Ishiba ដែលជាការប្រារព្ធ ខួបសង្រ្គាមលើកដំបូងរបស់លោក ចាប់តាំងពីបានក្លាយជា នាយករដ្ឋមន្ត្រីកាលពីឆ្នាំមុន ត្រូវបានគេរំពឹងថា នឹងសន្យាថា ប្រទេសជប៉ុននឹងមិនធ្វើសង្រ្គាមម្តងទៀតឡើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកកាន់តំណែង មុនរបស់លោក បានជៀសវាងការនិយាយស្តីអំពីការ ឈ្លានពានក្នុងសម័យសង្រ្គាមរបស់ប្រទេសជប៉ុននៅក្នុងសុន្ទរកថារបស់ពួកគេកាលពីថ្ងៃទី ១៥ ខែសីហា។
លោក Ishiba បានជ្រើសរើសមិនចេញសេចក្តីថ្លែងការណ៍រំលឹកខួបលើកទី ៨០ នៅថ្ងៃសុក្រនេះ មិនដូចមេដឹកនាំមុនៗដែលបានចេញសេចក្តីថ្លែងការណ៍បែបនេះនៅថ្ងៃខួបទី ៥០, ៦០ និង ៧០ ឆ្នាំនោះទេ។ សេចក្តីថ្លែងការណ៍ទាំងនេះត្រូវបានពិនិត្យយ៉ាងដិតដល់ ដោយប្រជាជាតិអាស៊ីផ្សេងទៀត ដែលបានរងទុក្ខក្រោមការឈ្លានពានក្នុង សម័យសង្គ្រាមរបស់ជប៉ុន។
ប្រទេសជប៉ុន បានចំណាយពេលរាប់ទសវត្សរ៍ ចាប់តាំងពីសង្រ្គាមបានប្តេជ្ញាថា ជាប្រទេសដែលស្រឡាញ់សន្តិភាព ក្រោមរដ្ឋធម្មនុញ្ញដែលបោះបង់ចោលសង្រ្គាម របស់ខ្លួន ដែលអនុញ្ញាតឱ្យប្រើប្រាស់កម្លាំង សម្រាប់តែការការពារខ្លួនប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី ប្រវត្តិសាស្ត្រសម័យសង្រ្គាមបានធ្វើឱ្យទំនាក់ទំនងរបស់ជប៉ុន មានភាពតានតឹងជាមួយចិន និងកូរ៉េខាងត្បូង ជាយូរមកហើយ ។ ប្រទេសចិន បានប្រយុទ្ធនឹងអ្វីដែលគេហៅថា សង្គ្រាមប្រឆាំងការឈ្លាន ពានរបស់ជប៉ុនឆ្នាំ ១៩៣៧-១៩៤៥ ខណៈដែលឧបទ្វីបកូរ៉េ ស្ថិតនៅក្រោមអាណានិគមរបស់ជប៉ុនពីឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥ ៕
