លោក ពូទីន ថ្លែងនៅចំពោះមុខលោក ត្រាំថា ជនជាតិ រុស្សី និងអ៊ុយក្រែន គឺជាបងប្អូននឹងគ្នា ហើយសង្កត់ធ្ងន់ លើបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់ទីក្រុងមូស្គូ ក្នុងការបញ្ចប់ជម្លោះ

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសន្និសីទកាសែតរួមជាមួយសមភាគីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រថា ដើម្បីឲ្យមានដំណោះស្រាយឱ្យបានស្ថិតស្ថេរចំពោះជម្លោះអ៊ុយក្រែន ដែលត្រូវសម្រេចបាន មូលហេតុឫសគល់ទាំងអស់របស់វាត្រូវតែដោះស្រាយ ការព្រួយបារម្ភស្របច្បាប់របស់រុស្ស៊ី ត្រូវបានយកមកពិចារណា និងតុល្យភាពសន្តិសុខសកលដោយយុត្តិធម៌ត្រូវបានស្ដារឡើងវិញ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា មេដឹកនាំអាមេរិក និង រុស្ស៊ី បានជួបគ្នានៅ អាឡាស្កា សហរដ្ឋអាមេរិក សម្រាប់កិច្ចជំនួបកំពូល ដែលរំពឹងទុកច្រើន ដើម្បីពិភាក្សាអំពីការស្តារ ទំនាក់ទំនងទ្វេភាគី និងធ្វើការឆ្ពោះទៅរកដំណោះស្រាយនៃជម្លោះអ៊ុយក្រែន។
លោក ពូទីន បានទទួលស្គាល់ឆន្ទៈរបស់រដ្ឋបាលអាមេរិក និងលោកប្រធានាធិបតី ត្រាំ ក្នុងការចូលរួមក្នុងកិច្ចសន្ទនា និងស្វែងរកដំណោះស្រាយ ដោយកត់សម្គាល់ ពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការយល់ដឹងពីភាពស្មុគស្មាញនៃស្ថានភាព។
លោកបានរំលឹកឡើងវិញនូវទស្សនៈរបស់គាត់ថា ជនជាតិរុស្សី និងអ៊ុយក្រែន គឺជាប្រជាជនជាបងប្អូន ហើយបានពណ៌នាអំពីស្ថានភាពបច្ចុប្បន្នថា ជាសោកនាដកម្ម ដោយសង្កត់ធ្ងន់លើបំណងប្រាថ្នា ដ៏ស្មោះស្ម័គ្ររបស់ទីក្រុងមូស្គូ ក្នុងការធ្វើឱ្យជម្លោះឈានដល់ទីបញ្ចប់៕
ប្រែសម្រួលៈ ណៃ តុលា
