រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បង្ហាញផែនការដណ្តើម កាន់កាប់ទីក្រុងហ្គាហ្សា

យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានឲ្យដឹងថា លោកបានពិនិត្យផែនការយោធា សម្រាប់ការដណ្តើមយកទីក្រុងហ្គាហ្សា ដោយបង្ហាញពីការត្រៀមខ្លួន សម្រាប់អ្វីដែលនឹងក្លាយជាប្រតិបត្តិការ ជើងគោកដ៏ទូលំទូលាយបំផុតមួយនៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើមនៅក្នុង ខែតុលា ឆ្នាំ២០២៣។

លោក បានជួបប្រជុំគ្នា នៅទីបញ្ជាការយោធាក្នុងទីក្រុង Tel Aviv ជាមួយអគ្គសេនាធិការលោក Eyal Zamir និងមេបញ្ជាការកំពូលៗ ផ្សេងទៀត ដែលបានបង្ហាញ ពីគោលការណ៍សំខាន់ នៃប្រតិបត្តិការ ដើម្បីដណ្តើមយកទីក្រុង ហ្គាហ្សា និង តំបន់ផ្សេងទៀត ដែលអ៊ីស្រាអែល មិនទាន់ទទួលបានការគ្រប់គ្រង ពេញលេញនៅឡើយ។ ផែនការនេះត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីសន្តិសុខ កាលពីដើមសប្តាហ៍នេះ។
រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលរូបនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញក្នុងនាមគាត់ថា “អ៊ីស្រាអែល ប្តេជ្ញាចិត្តកម្ចាត់ក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ដោះលែងចំណាប់ខ្មាំងទាំងអស់ និងនាំឱ្យសង្រ្គាមបញ្ចប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌ានចិនស៊ិនហួ។
លោកបានបន្ថែមថា ” កងកម្លាំងការពារអ៊ីស្រាអែល កំពុងប្រមូលផ្តុំកងកម្លាំងរបស់ខ្លួនទាំងអស់ និងរៀបចំដោយកម្លាំងដ៏អស្ចារ្យ ដើម្បីអនុវត្តការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រី។ យើងនឹងដើរតួជាកណ្តាប់ដៃតែមួយ រហូតដល់បេសកកម្មបានបញ្ចប់” ។
នៅពេលដែលកងកម្លាំងអ៊ីស្រាអែល បន្តការវាយលុក របស់ពួកគេនៅក្នុង តំបន់ហ្គាហ្សា អាជ្ញាធរសុខាភិបាល ក្នុងតំបន់បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងហោចណាស់ ៥០ នាក់ ត្រូវបានសម្លាប់នៅទូទាំង តំបន់ជុំវិញក្នុងរយៈពេល ២៤ ម៉ោងកន្លងមក និង ៨៣១ នាក់ផ្សេងទៀតបានរងរបួស។ អាជ្ញាធរបានឲ្យដឹងថា ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ មនុស្សយ៉ាងហោចណាស់ ៦១,៧៧៦ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារ និងការបាញ់កាំភ្លើងរបស់អ៊ីស្រាអែល៕
