ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បើកការវាយប្រហារទីប្រជុំជន ក្នុងទីក្រុងមួយរបស់រុស្សី មុនកិច្ចប្រជុំរវាងមេដឹក នាំអាមេរិកនិងរុស្សី

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT  ក្រុមមន្ត្រីក្នុងតំបន់បានរាយការណ៍ថា បានបាញ់ផ្លោងលើប្លុកផ្ទះល្វែងជាច្រើននៅក្នុងទីក្រុង Donetsk របស់ប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និង របួសបីនាក់ ។
ការវាយប្រហារនេះ បានកើតឡើងតែប៉ុន្មានម៉ោង មុនជំនួបកំពូល រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump ក្នុងរដ្ឋអាឡាស្កា ។

លោក Denis Pushilin ប្រមុខ នៃសាធារណរដ្ឋប្រជាមានិត Donetsk បាននិយាយនៅលើ Telegram ថា ស្ត្រីម្នាក់ត្រូវបានសម្លាប់ និងជនស៊ីវិលបី នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហាររយៈពេលវែង ដែលបានបំផ្លាញអគារលំនៅដ្ឋានចំនួនពីរ និងសាលារៀន មួយកន្លែងផង ។

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមមន្ត្រីរុស្ស៊ីបានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន ជាបន្តបន្ទាប់ទៅលើអគារលំនៅដ្ឋាន នៅក្នុងទីក្រុងព្រំដែន Belgorod និងទីក្រុង Rostov-on-Don ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដែលបានសម្លាប់ និងរងរបួសជនស៊ីវិលជាច្រើននាក់ រួចមកហើយ ។

ការវាយប្រហារនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ថា ថ្នាក់ដឹកនាំអ៊ុយក្រែន កំពុងរៀបចំដើម្បីធ្វើការញុះញង់កម្រិតខ្ពស់ ដែលមានបំណងធ្វើឱ្យកិច្ចប្រជុំកំពូលរវាង លោក Trump និងលោក Putin ត្រូវបានលុបចោល៕

ប្រែសម្រួល៖ស៊ុនលី

To Top