លោក Putin និងលោក Trump ត្រូវបានគេមើលឃើញឡើង ជិះរថយន្តប្រធានាធិបតី តែមួយជាមួយគ្នាមុនកិច្ចប្រជុំកំពូល

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចាកចេញរួមគ្នាទៅកាន់កន្លែង កិច្ចប្រជុំកំពូលនៅក្នុងរថយន្ត limousine របស់មេដឹកនាំអាមេរិក បន្ទាប់ពីបានស្វាគមន៍គ្នាទៅវិញនៅមូលដ្ឋានរួម Elmendorf-Richardson របស់រដ្ឋ Alaska កាលពីថ្ងៃសុក្រ ។
មេដឹកនាំទាំងពីរបានធ្វើការចាប់ដៃគ្នា ដើរលើកម្រាលព្រំក្រហមក្បែរគ្នា មុនពេលឈានជើងឡើង ចូលទៅក្នុងរថយន្ត។ រថយន្ត limousine ផ្ទាល់ខ្លួនរបស់លោកPutinកំពុងរង់ចាំ នៅក្បែរនោះដែរដោយបង្ហាញថា មិនមានការព្រមព្រៀង ជាមុនសម្រាប់ពួកគេជិះជាមួយគ្នាទេ។
លោក Putin បានដើរចូលរថយន្តនោះមុន បន្ទាប់ពីការផ្លាស់ប្តូរ ពាក្យសន្ទនាគ្នាមួយរយៈពេលខ្លី ដោយលោក Trump តាមពីក្រោយ។ វីដេអូបង្ហាញពួកគេនិយាយនិងញញឹមនៅពេលរថយន្ត ចេញដំណើរទៅកន្លែង នៃកិច្ចពិភាក្សាដែលនឹងត្រូវបានរៀបចំរួចរាល់។
យ៉ាងណាក្តីកាសែត New York Times បានសរសេរផ្សាយថា វាគឺជារឿងដែលមិនធម្មតាមួយ សម្រាប់មេដឹកនាំ នៃប្រទេសមហាអំណាចពីរជាសត្រូវ នឹងគ្នាប៉ុន្តែ ជិះក្នុងឡានតែមួយជាមួយគ្នា។ មិនថែមប៉ុណ្ណោះមេដឹកនាំទាំងនោះហាក់ដូចជាកំពុង សន្ទនាដោយគ្មានអ្នកបកប្រែទៀតផង។
យោងតាមវិមានក្រឹមឡាំង បានឱ្យដឹងថា កិច្ចប្រជុំកំពូលនៅអាឡាស្កានឹង ដោះស្រាយបញ្ហាជាច្រើន ជាពិសេសជម្លោះអ៊ុយក្រែន ប៉ុន្តែក៏មានទំនាក់ទំនងទ្វេភាគីរុស្ស៊ី-អាមេរិក និងគម្រោងសេដ្ឋកិច្ចរួមគ្នា ដែលអាចធ្វើទៅបានមួយចំនួនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
