លោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកមាន កិច្ចប្រជុំប្រកបដោយផលិតភាព ជាមួយលោក ពូទីន ប៉ុន្តែគ្មានកិច្ចព្រមព្រៀង ណាមួយឈានដល់នោះទេ

ANCHORAGE៖ ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយនៅថ្ងៃសុក្រថា លោកមាន “កិច្ចប្រជុំប្រកបដោយផលិតភាព” ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅ Anchorage រដ្ឋអាឡាស្កា ប៉ុន្តែកិច្ចប្រជុំកំពូល បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ស្តីពីវិបត្តិអ៊ុយក្រែននោះទេ ។
ប្រធានាធិបតីទាំងពីរបានធ្វើសន្និសិទសារព័ត៌មានរួមគ្នាមួយ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សារបស់ពួកគេ នៅឯមូលដ្ឋានរួម Elmendorf-Richardson ក្នុងទីក្រុង Anchorage ដែលជាទីក្រុង ដែលមានប្រជាជនច្រើនបំផុតក្នុង រដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក។
លោក ត្រាំ បានលើកឡើងថា មេដឹកនាំទាំងពីរ បានយល់ព្រមលើ “ចំណុចជាច្រើន” ដោយបន្ថែមថាភាគីទាំងពីរបានឈានទៅមុខខ្លះ ទោះបីជាគ្មានកិច្ចព្រមព្រៀងណា មួយត្រូវបានសម្រេចក៏ដោយ។
លោក ពូទីន បានឲ្យដឹងថា លោកបានយល់ព្រមថាសន្តិសុខរបស់អ៊ុយក្រែន គួរតែត្រូវបានធានា ហើយកិច្ចព្រមព្រៀង ដែលលោកបានឈាន ដល់ជាមួយលោក ត្រាំ នឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកសន្តិភាពនៅអ៊ុយក្រែន។
ដោយឈរក្បែរគ្នានៅលើឆាក អស់រយៈពេលជាង ១០ នាទី មេដឹកនាំទាំងពីរបានបង្ហាញថា វឌ្ឍនភាពត្រូវបានធ្វើឡើង ក្នុងអំឡុងពេល នៃកិច្ចពិភាក្សាទល់មុខគ្នា ប៉ុន្តែមិនមានកិច្ចព្រមព្រៀងជាក់លាក់ណា មួយត្រូវបានបង្កើតឡើងនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
