មនុស្ស ៤៦នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សា

ហ្គាហ្សា៖ យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ៤៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ។
លោក Mahmoud Basal អ្នកនាំពាក្យរបស់អាជ្ញាធរការពារជនស៊ីវិល បានប្រាប់ស៊ីនហួថា មនុស្ស ៧នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ដែលសំដៅលើតង់លំនៅដ្ឋានជនភៀសខ្លួននៅក្នុងសង្កាត់ Al-Rimal ភាគខាងលិចទីក្រុងហ្គាហ្សា។
លោកបានបន្ដថា មនុស្ស ៦នាក់ផ្សេងទៀត រួមទាំងកុមារ ២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលសំដៅទៅលើលំនៅដ្ឋានសាលារៀនមួយដែលបានផ្លាស់ទីលំនៅប្រជាជននៅក្នុងសង្កាត់ al-Daraj ភាគខាងកើតនៃទីក្រុងហ្គាហ្សា។
យ៉ាងហោចណាស់មនុស្ស ២៤នាក់ រួមទាំងស្ត្រីម្នាក់ និងកុមារពីរនាក់ត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែល ខណៈពេលដែលកំពុងរង់ចាំទទួលអាហារនៅមុខមជ្ឈមណ្ឌលចែកចាយជំនួយភាគខាងជើងនៃទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សា នៅចំណុចប្រសព្វ Netzarim នៅកណ្តាលនៃតំបន់ហ្គាហ្សា និងផ្លូវកាត់ Zikim នៅភាគខាងជើងតំបន់ ។
លោកបានបន្ថែមថា មនុស្ស ៤នាក់ រួមទាំងក្មេងស្រីម្នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ផ្លោងរបស់អ៊ីស្រាអែល ដែលសំដៅលើការជួបជុំរបស់ប៉ាឡេស្ទីន និងផ្ទះលំនៅដ្ឋានមួយនៅក្នុងសង្កាត់ Zeitoun និង Tuffah នៅភាគខាងកើតទីក្រុងហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា
