អេហ្ស៊ីប ជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុប ដើម្បីជួយសម្រួលបទឈប់បាញ់នៅតំបន់ហ្គាហ្សា

ទីក្រុងគែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Dubravka Suica ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកតំបន់មេឌីទែរ៉ាណេ និងរដ្ឋមន្ត្រីបារាំងទទួលបន្ទុកអឺរ៉ុប និងកិច្ចការបរទេស លោក Jean-Noel Barrot ស្តីពីបញ្ហាប៉ាឡេស្ទីន។
រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បានពិនិត្យជាមួយលោកស្រី Suica អំពីការវិវឌ្ឍន៍នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយសង្កត់ធ្ងន់លើការបដិសេធរបស់អេហ្ស៊ីប ចំពោះគោលនយោបាយ និងសេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល អំពីដំណោះស្រាយដែលហៅថា “មហាអំណាចអ៊ីស្រាអែល” ដែលព្យាយាមធ្វើឱ្យស៊ីជម្រៅនូវការកាន់កាប់ខុសច្បាប់នៃទឹកដីប៉ាឡេស្ទីន។
លោក Abdelatty បានលើកឡើងថា ផែនការបែបនេះគឺជា “ការរំលោភទាំងស្រុងនៃច្បាប់អន្តរជាតិ” ខណៈពេលដែលជំរុញឱ្យមានភាពតានតឹង និងជ្រុលនិយម។
លោកបានជំរុញឱ្យសហភាពអឺរ៉ុបដាក់សម្ពាធឱ្យមានបទឈប់បាញ់មួយ និងការផ្តល់ជំនួយដល់ក្បាលដីចំពេលមានការរារាំងរបស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
បេសកជនសហភាពអឺរ៉ុបបានឲ្យដឹងថា ប្លុកនេះកំពុងទន្ទឹងរង់ចាំចូលរួមនៅក្នុងសន្និសិទអន្តរជាតិសម្រាប់ការកសាងឡើងវិញតំបន់ហ្គាហ្សា នៅទីក្រុងគែរ ដើម្បីធានាការទទួលបានជំនួយទៅកាន់បតំបន់ហ្គាហ្សាដោយគ្មានឧបសគ្គ៕
ប្រែសម្រួល ឈូក បូរ៉ា
